(កណ្តាល)៖ គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានណែនាំឲ្យយុវជន ស.ស.យ.ក ខេត្តកណ្តាល យកចិត្តទុកដាក់លើការងារផ្តល់ឈាមដោយស្ម័គ្រចិត្តឲ្យបានផុសផុល ដើម្បីជួយជីវិតមនុស្ស។
លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការ ស.ស.យ.កខេត្តកណ្ដាល។
លោកចាត់ទុកថា «ការផ្ដល់ឈាមដោយស្ម័គ្រចិត្តរបស់ ស.ស.យ.ក ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះថ្នាក់ ដែលត្រូវការឈាមជាចាំបាច់។ បន្ថែមពីនោះ ស.ស.យ.ក ខេត្តកណ្តាល មានផែនការសកម្មភាព នៃការផ្តល់ឈាមដោយស្ម័គ្រចិត្តជាអទិភាពក្នុងឆ្នាំ២០២៥នេះ ឱ្យច្រើនជាអតិប្បរមា ដើម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយកទៅជួយសង្គ្រោះ អាយុជីវិតដល់ជនរងគ្រោះថ្នាក់ ដែលត្រូវការឈាមជាចាំបាច់។ ដូចនេះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ត្រូវគ្រោងធ្វើឡើងជាប្រចាំខែ ដោយផ្លាស់វេនគ្នានៅគ្រប់បណ្តាក្រុង-ស្រុក អង្គភាពនានា សាលារៀន វត្តអារ៉ាម ទូទាំងខេត្តកណ្តាល ធ្វើយ៉ាងណាឱ្យ សកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្តមាននិរន្តរភាពរហូត»។
លោកបន្តទៀតថា ស.ស.យ.ក ខេត្តកណ្តាល បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ជាប្រចាំឆ្នាំ នឹងរៀបចំការបរិច្ចាកឈាមជាលក្ខណៈទ្រង់ទ្រាយធំ ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ក្នុងន័យបំផុសគំនិត ដល់យុវជនទូទៅ ឱ្យចូលរួមនូវគ្រប់សកម្មភាពមនុស្សធម៌នានា ជាពិសេសគឺការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះជីវិតមនុស្សជួបគ្រោះថ្នាក់ផ្សេងៗ នឹងកំពុងត្រូវការឈាមដើម្បីសង្គ្រោះជីវិត។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីស្វែងរកឈាម ជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលកំពុងត្រូវការឈាមជាចាំបាច់។
ក្រៅពីពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តកណ្តាល ក៏មានសកម្មភាពអំណោយមនុស្សធម៌ (អំណោយនៃក្តីស្រឡាញ់) ជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗជូនដល់ទូរគតជន ជនក្រីក្រ ចាស់ជរា ជនពិការ ជនគ្មានទីពឹង និងងាយរងគ្រោះ៕