(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេងតំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ថា គោលបំណងរបស់សមាគមគឺផ្តល់ការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងទី២ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់។
លោកវេជ្ជបណ្ឌិត បានបន្តថាបេសកកម្មរបស់សមាគមមានបានចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២ ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍និង និងទី៣នៅតាមរោងចក្រ។
គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ គឺជាបេសកកម្មមនុស្សធម៌លើកទី៣របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោរួមសហការជាមួយអជ្ញាធរ ក្រុមគ្រូពេទ្យបរទេស(បារាំង អាមេរិក) និងផ្នែកដែលពាក់ព័ន្ធចុះព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម ខណ្ណមានជ័យ រាជធានីភ្នំពេញ។
តំណាង អភិបាលនៃគណអភិបាលមានជ័យ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគិតគូរ ដល់សុខមាលភាពនិងជីវភាពរស់នៅរបស់បងប្អូន កម្មករ កម្មការនីរបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពលរដ្ឋដល់មូលដ្ឋាន។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ដែលបានមកទទួលការព្យាបាលឥតគិតថ្លៃនេះ បានមានបង្ហាញអារម្មណីរីករាយដែលបានឃើញក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលជំងឺប្រកប ដោយភាពរួសរាយរាក់ទាក់។ ក្រៅពីនោះ ប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាពនិងការលំបាករបស់ប្រជាពលរដ្ឋ។
តំណាងក្រុមគ្រូពេទ្យបរទេសដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានកោតសរសើរនិងបង្ហាញសេចក្តរីករាយដែលបានឃើញសមកម្មភាពមនុស្សធម៌ដ៍ល្អចំពោះប្រជាពលរដ្ឋដល់មូលដ្ឋាន។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាលបានឱ្យដឹងថា ការចុះពិនិត្យនិងព្យាបាលជូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យនាថ្ងៃនេះមានដូចជាបានពិនិត្យព្យាបាលជំងឺទូទៅចំនួន ៨១០នាក់ វះកាត់តូចចំនួន ២០នាក់ ព្យាបាលជំងឺមាត់ធ្មេញចំនួន១២៥នាក់ ពិនិត្យនិងព្យាបាល ច្រមុះ បំពង់កចំនួន នាក់ ពិនិត្យអេកូបេះដូងម្នាក់ រោគស្ត្រី នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន២១០នាក់ និងព្យាបាលឬសដូងបាតចំនួន៣១នាក់ បញ្ជូនព្យបាលបន្តចំនួន៩នាក់ផងដែរ៕