(តាកែវ)៖ សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង២០០នាក់ ក្នុងនោះមានសមាជិកគណៈអចិន្ត្រៃយ៍បក្សឃុំ និងសកម្មជនលេចធ្លោនៅតាមភូមិក្នុងឃុំដែលមកពីកូតា សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្ម័គ្រចិត្តដោយសុទ្ធចិត្ត ដោះអាវ ដូរអាវ ផ្តាច់ខ្លួនចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយកំហឹង និងការឈឺចាប់ពីព្រោះតែការចាញ់បោកគណបក្សប្រឆាំងអស់ពេលជាច្រើនឆ្នាំ ដែលមានតែការសន្យាខ្យល់ ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋ បាននាំឲ្យមានការឈ្លោះគ្នារវាងអ្នកជិតខាងនៅក្នុងភូមិដោយការប្រកាន់និន្នាការ និងចុងក្រោយនេះ លេចលឺនូវព័ត៌មាន នៃការបែកបាក់ក្បាលម៉ាស៊ីនដឹកនាំបក្សដូចជាករណីកូនស្រីរបស់លោក កឹម សុខា បកអាក្រាតមេបក្ស និងការប្រកាសចាកចេញរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពីបក្សសង្គ្រោះជាតិ បាននាំឲ្យសកម្មជនបក្សប្រឆាំងនៅក្នុងឃុំកុមារាជា ក្នុងនោះភាគច្រើនជាយុវជន យុវនារី អស់ជំនឿលើបក្សសង្គ្រោះជាតិ បានមកចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ហើយថែមទាំងបានដុតអាវបក្សសង្គ្រោះជាតិចោលទៀតផង។
ការផ្តាច់ខ្លួនរបស់សកម្មជនគាំទ្របក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ ដែលបានដោះអាវ និងដុតអាវបក្សប្រឆាំង រួមទាំងបងប្អូនផ្សេងៗទៀតដែលមិនមាននិន្នាការគណបក្សនយោបាយណា ហើយបានមកសុំរួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្ត មានគ្នាសរុប៤២០នាក់បានប្រារព្ធពិធីនៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក សុខ ពុទ្ធិវុធ អនុប្រធានបក្សខេត្ត និងជាប្រធានក្រុមការងារជំនាញសម្របសម្រួលជាមួយយុវជន នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវផងដែរ។
លោក អ៊ុក ឡេង សមាជិកអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិក្នុងឃុំកុមារាជា បានឲ្យដឹងថា មូលហេតុដែលគាត់សម្រេចចិត្តផ្តាច់ខ្លួន ចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែការអស់ជំនឿ មិនអាចគាំទ្របក្សប្រឆាំងបានតទៅទៀត ។ លោក អ៊ុក ឡេង បន្តថា គាត់បានចាញ់បោកការភូតកុហករបស់បក្សប្រឆាំងអស់ពេលជាច្រើនឆ្នាំមកហើយ និងបានដឹងច្បាស់ថា បក្សប្រឆាំងមានតែការសន្យាខ្យល់ ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ តែការពិតបក្សប្រឆាំងមិនបានជួយអ្វីបន្តិចសោះឡើយដល់ប្រជាពលរដ្ឋ គឺមានតែការជំរុញឲ្យរូបគាត់ដើរអូសទាញ ញុះញង់ និងល្បួងឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មខុសច្បាប់ជាដើម។
ជាពិសេសជាងនេះទៅទៀតនោះ ការទទួលព័ត៌មានអំពីការបែកបាក់ផ្ទៃក្នុង និងការឈ្លោះប្រកែកគ្នាក្នុងបក្សដូចជា បញ្ហាដែលកូនស្រីរបស់លោក កឹម សុខា រិះគន់វាយប្រហារចំៗទៅលើលោក សម រង្ស៊ី អំពីការយកលេសបន្តរស់នៅឯក្រៅប្រទេស និងការមិនស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ហើយថ្មីៗនេះព័ត៌មានអំពីការប្រកាសចាកចេញរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពីបក្សប្រឆាំង ដូចអ្វីដែលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា សព្វថ្ងៃនេះគណបក្សសង្គ្រោះជាតិមិនបានធ្វើការជាប្រព័ន្ធទេ គឺធ្វើការជាបក្ខពួកម្នាក់ថា អញ្ចេះ ម្នាក់នោះថាអញ្ចុះ អត់មានដើរទៅមុខរួចទេ និងអួតខ្លួនប្រកាសថា ខ្លួនឯងបង្រួបបង្រួមជំហរទាំងអស់ ប៉ុន្តែការពិតមានតែក្រុមបក្ខពួក ដូច្នេះវាផ្ទុយគ្នា អាហ្នឹងហើយជាការភូតភរបោកបញ្ឆោតប្រជារាស្ត្រ។
ដោយសារកើតមាននូវបញ្ហានៃការដឹកនាំរញ៉េរញ៉ៃក្នុងបក្ស គ្មានការកែទម្រង់ ដូចព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូល និងបានចាត់ទុកការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា បង្ហាញពីភាពជាគំរូក្នុងបក្សដែលហ៊ាននិយាយការពិត បាននាំឲ្យប្រជាពលរដ្ឋក្នុងឃុំយល់កាន់តែច្បាស់ថា បក្សប្រឆាំងកំពុងស្ថិតនៅក្នុងវិបត្តិបែកបាក់ក្បាលម៉ាស៊ីន ការដឹកនាំគ្មានមេកើយច្បាស់លាស់ ដូចរទេះភ្លើងដាច់ក្បាល អាចនឹងនាំឲ្យសកម្មជនជួបគ្រោះថ្នាក់ ដូច្នេះហើយ ទើបពួកគាត់ត្រូវតែចាកចេញមករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃនេះ។ ប្រជាពលរដ្ឋដែលបានចុះចូលសមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជាមួយចំនួនទៀត បានឡើងបញ្ចេញមតិយោបល់ប្រហាក់ប្រហែលគ្នា អំពីការឈឺចាប់របស់ខ្លួនដោយសារចាញ់បោកបក្សប្រឆាំងនាពេលកន្លងមក។
លោកតា ថាន់ នាង អតីតសកម្មជនគាំទ្របក្សសង្គ្រោះជាតិ បានថ្លែងទាំងក្តុកក្តួលក្នុងចិត្តពីការលំបាកវេទនាដែលរូបគាត់ និងក្រុមគ្រួសារគាត់ជួបប្រទះនាពេលកន្លងមក គឺបក្សសង្គ្រោះជាតិមិនដែលយកចិត្តទុកដាក់ពីសុខទុក្ខគាត់ឡើយ គឺមានតែការបោកប្រើទាំងយប់ទាំងថ្ងៃ រហូតដល់គាត់ខាតបង់ទ្រព្យសម្បត្តិអស់លុយកាក់ជាច្រើនដើម្បីយកទៅជួយបក្ស តែទីបំផុតគាត់ធ្លាក់ខ្លួនឈឺ មិនដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិអើពើជួយដោះស្រាយឡើយ។ ថ្ងៃនេះលោកតា ថាន់ នាង គាត់សម្រេចចិត្តដោះអាវ និងដុតអាវបក្សសង្គ្រោះជាតិចោលដើម្បីបញ្ជាក់ថា បក្សនោះមានតែការបោកប្រាស់ប៉ុណ្ណោះ ខុសពីមន្ត្រីខាងបក្សប្រជាជនកម្ពុជាដែលគាត់បានដឹងបានស្គាល់ គឺតែងតែចុះមកសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាជាច្រើននៅក្នុងមូលដ្ឋាន ។
លោក មាស ហាក់ សកម្មជនបក្សសង្គ្រោះជាតិមួយរូប នៅភូមិត្រពាំងផ្លុង ដែលបានចុះចូលជាមួយ CPP ថ្ងៃនេះ បានកត់សម្គាល់នូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមិនចេះសន្យាទេ តែមានតែការអនុវត្តជាក់ស្តែង និងលេចចេញជាសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ នោះហើយដែលធ្វើឲ្យរូបគាត់ចាកចេញពីបក្សប្រឆាំង និងត្រូវតែចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោក មាស ហាក់ ក៏បានមើលឃើញយ៉ាងជាក់ច្បាស់ពីការរួមចំណែក ជួយដោះស្រាយផ្ទាល់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំ ដែលដឹកនាំដោយលោក ស្វាយ ស៊ីថា បានជួយអភិវឌ្ឍភូមិឃុំឲ្យរីកចម្រើនស្ទើរគ្រប់វិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន វត្តអារាម ផែនការកសាងមណ្ឌលសុខភាព ការជួយស្តារស្រះ ជីក ស្តារប្រឡាយ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋជាច្រើន ក្នុងឃុំដោយមិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ ជាពិសេសការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បាននាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តដែលក្នុងមូលដ្ឋាន កាត់បន្ថយបាននូវក្រុមបងតូចបងធំ ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀនជាដើម។ល។ ហើយលោកគិតថា ទៅថ្ងៃមុខទៀត នឹងមានចរន្តនៃការចាកចេញកាន់តែច្រើនថែមទៀតពីបក្សប្រឆាំង។
ថ្លែងសំណេះសំណាលនៅក្នុងពិធីនោះ លោក ស្វាយ ស៊ីថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់អតីតសមាជិក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយលោក ស្វាយ ស៊ីថា ចាត់ទុកថា ការចូលរួមរបស់អតីតអ្នកគាំទ្របក្សប្រឆាំងនេះ គឺមានសារៈសំខាន់ណាស់ ជាការទទួលស្គាល់នូវសច្ចធម៌របស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញនូវកម្លាំងរួបរួមសាមគ្គីគ្នា ដើម្បីថែរក្សាស្ថិរភាព ការជឿជាក់ និងក៏ជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ដែលខិតខំគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ហើយការចូលរួមរបស់ប្រជាពលរដ្ឋ នឹងបានជាកម្លាំងបន្ថែមទៀត ដើម្បីការពារ និងចូលរួមអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងភូមិឃុំ។
លោក ស្វាយ ស៊ីថា ក៏បានសំណូមពរផងដែរដល់ក្រុមការងារនៅមូលដ្ឋានផ្ទាល់ ទាំងសមាជិកចាស់ និងទើបបញ្ចូលថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ សូមបញ្ចប់ទាំងស្រុងនូវការលាបពណ៌គ្នា។ លោកបានបញ្ជាក់ថា «ការលាបពណ៌គ្នា គឺជាគ្រាប់បែកដ៏គ្រោះថ្នាក់បំផុតដែលវា នឹងបំផ្លិចបំផ្លាញសង្គមជាតិ និយាយជារួម និងភូមិឃុំ និយាយដោយឡែក»។ ជាមួយគ្នានេះលោក ស្វាយ ស៊ីថា ក៏បានអំពាវនាវឲ្យសមាជិកគ្រប់រូប ត្រូវចេះរួមរស់ និងសហការគ្នា ដើម្បីកសាងនិងអភិវឌ្ឍមូលដ្ឋានឲ្យបានខ្លាំងក្លា ធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។
លោក សុខ ពុទ្ធិវុធ អនុប្រធានបក្សខេត្ត និងជាប្រធានក្រុមការងារជំនាញសម្របសម្រួលជាមួយយុវជន នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ ដែលបានចូលរួមក្នុងពិធីនោះ បានលើកឡើងថា ការចូលរួមរស់នៅជាមួយគ្នារបស់ប្រជាពលរដ្ឋដែលធ្លាប់គាំទ្របក្សប្រឆាំងជាមួយបក្សប្រជាជនកម្ពុជា គឺប្រៀបបាននឹងចង្កឹះមួយបាច់ដ៏រឹងមាំ ច្របាច់បញ្ចូលគ្នា ធ្វើការជាមួយគ្នាដើម្បីបុព្វហេតុកសាងជាតិ និងការអភិវឌ្ឍឲ្យប្រទេសកាន់តែរីកចម្រើន។
បន្ទាប់ពីធ្វើពិធីដោះអាវ ប្តូរអាវ ចូលបក្សរួចមក លោក ស្វាយ ស៊ីថា និងក្រុមការងារ បានរួមដំណើរជាមួយអតីតអ្នកគាំទ្របក្សសង្គ្រោះជាតិដែលបានផ្តាច់ខ្លួនមករួមរស់នៅជាមួយ ទៅលើកស្លាកគណបក្សប្រជាជនកម្ពុជានៅខាងមុខគេហដ្ឋានរបស់ពួកគាត់រៀងៗខ្លួន។ នាឱកាសជួបជុំទទួលសមាជិកថ្មីកាលពីព្រឹកមិញ លោក ស្វាយ ស៊ីថា ក៏បានចុះទៅពិនិត្យផ្ទាល់ និងសួរសុខទុក្ខនៅតាមខ្នងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរងការខូចខាតដោយសារខ្យល់បក់ខ្លាំងកាលថ្មីៗនេះ និងបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនប្រជាពលរដ្ឋ។ ក្រៅពីនេះលោក ស្វាយ ស៊ីថា ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀតជូនប្រធានក្រុមប្រឹក្សាឃុំកុមារាជា ដើម្បីធ្វើការជួសជុលផ្លូវនៅក្នុងឃុំផងដែរដែលរងការបាក់ដាច់ខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះ។ បន្ទាប់ពីនោះសមាជិកដែលទើបផ្តាច់ខ្លួនចុះចូល និងសមាជិកដែលទើបនឹងបញ្ចូលថ្មី និងអ្នកចូលរួមទាំងអស់ប្រមាណជាង៥០០នាក់បានជួបជុំពិសារនំបញ្ចុកសម្លការីនំបុ័ងរួមគ្នា ក្នុងបរិយាកាសរីករាយ និងជាភាតរៈបំផុត៕