(ព្រៃវែង)៖ លោក ស សុខា ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ត្រូវបានតែងតាំងអនុប្រធានគណៈកម្មាធិការ ថ្នាក់កណ្ដាលទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង រីឯលោក ខៀវ ភារិទ្ធ ត្រូវបានតែងតាំងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ជំនួសលោក ស សុខា វិញ។
ពិធីផ្ទេរតំណែងនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ដ្រីជាពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។
ក្នុងឱកាសនោះដែរ លោក ខៀវ ភារិទ្ធ បានលើកឡើងថា កាលដែលលោក ទទួលបានតំណែងនៅថ្ងៃនេះ គឺក្រោមការជួយជ្រោមជ្រែង ណែនាំ និងបង្ហាត់បង្រៀនយ៉ាងពេញទំហឹង ពីលោក ស សុខា និងលោកស្រី ព្រមទាំងការចូលរួមសហការគ្នាយ៉ាងសកម្ម ពីសំណាក់បងប្អូនក្រុមការងារ ស.ស.យ.ក ខេត្តព្រៃវែងទាំងមូល។
បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណដែរថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល ដែលបានផ្ដល់សេចក្ដីទុកចិត្ត តែងតាំងខ្ញុំបាទជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។ ជាពិសេសក្រោមការផ្ដល់សេចក្ដីទុកចិត្ត របស់ថា្នក់ដឹកនាំខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវការកោតសរសើរ ដល់ក្រុមការងារ ស.ស.យ.ក ខេត្តព្រៃវែង ដែលដឹកនាំដោយ លោក ស សុខា កន្លងមកនេះ ធ្វើឲ្យមានការកើនឡើងសមាជិកជាបន្ដបន្ទាប់ពីចំនួន៣២នាក់ រហូតដល់ជិត៦,០០០នាក់ និងទីស្នាក់ការក៏បានកើនឡើងជាបន្ដបន្ទាប់ផងដែរ នៅទូទាំងខេត្តព្រៃវែង៕