(ភ្នំពេញ)៖ រហូតដល់នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជនម្នាក់ ដែលបានបង្ហោះវីដេអូតាម Facebook ប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យុវជនម្នាក់នេះ មានឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង។ រូបគេត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីបទល្មើស ក្នុងនោះមាន «គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ ឲ្យមានការរើសអើងតាមមាត្រា២៣៣ និង មាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែងឃាត់ខ្លួន រួចបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ កាលពី រសៀលថ្ងៃទី២៧ ខែតុលា តាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ បានបង្គាប់ឲ្យ ឈ្មោះសាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរ បំភ្លឺពាក់ព័ន្ធនឹងករណី បរើ ទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ។
នគរបាល ខេត្តព្រៃវែង បញ្ជាក់ថា សមត្ថកិច្ច បានឃាត់ខ្លួនយុវជន សាម ភាព នៅចំណុចផ្ទះ យុវជននេះតែម្ដង៕