(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក»

ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោម ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបើកយុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ «កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជា សកម្មភាព រួមគ្នា ក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។

លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបរិស្ថានក៏បានកំណត់ យុទ្ធនាការសម្អាតផ្លូវជាតិនេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥។

ជាមួយការដាក់ចេញផែនការសកម្មភាពនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការគាំទ្រ និងងការលើកទឹកចិត្ត ដល់ផ្តល់ការគាំទ្រជាធនធាន សម្ភារៈ ក្នុងនោះគ្រោងផ្តល់ធុងចំនួន៣ ធុង សម្រាប់សាលារៀន មណ្ឌលសុខភាព វត្តអារាម នីមួយៗទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់ បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។

ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដារ បច្ចេកទេស និងប្រកបដោយអនាម័យ។ ធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញ ភាពស្អាត ក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ ការអនុវត្តនូវ «ភាពស្អាតក្នុងផ្នត់គំនិត» «ភាពស្អាតបរិស្ថានជុំវិញខ្លួន» ក្នុងនោះ មាន «ភាពស្អាតលើមេឃ» «ភាពស្អាតលើដី» និង «ភាពស្អាតក្នុងទឹក» និង «ភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ»

ផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នឹងអនុវត្តនៅតាមបណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ដោយផ្តោតលើកំណាត់ខ្សែផ្លូវជាតិសំខាន់ៗ ចំនួន ១២៦ខ្សែ ប្រវែងសរុប ៦៣០៩,៥៧គ.ម។ សកម្មភាពទាំងនេះ រួមមាន៖

១-ការបន្តការផ្សព្វផ្សាយ៖ ផ្សព្វផ្សាយ និងបំផុសចលនាសម្អាតនៅផ្លូវជាតិជាប្រចាំ និងចូលរួមសម្អាតមុខគេហដ្ឋាន ឬទីតាំងរបស់ខ្លួន ជាមួយនឹងកម្លាំងភូមិ ឃុំ សង្កាត់ ឱ្យបានយ៉ាងតិច ២ដង/សប្តាហ៍។

២-ការបន្តជំរុញារបេ្តជ្ញាចិត្ត៖ ការចូលរួមបេ្តជ្ញាចិត្តពីសំណាក់សិស្សានុសិស្ស កម្មករ កម្មការនី បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងរដ្ឋបាលថ្នាក់ក្រោម ជាកត្តាសំខាន់ ដើម្បីភាពស្អាតនៅប្រទេសកម្ពុជា។

៣-ការជំរុញការអនុវត្តសកម្មភាពដើម្បីភាពស្អាត៖ រៀបចំផែនសកម្មភាពសម្អាតជាប្រចាំ និងជំរុញការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងញែកសំរាម សំណល់រឹងនៅនឹងប្រភព។

៤-ការជំរុញការអនុវត្តវិធានការច្បាប់ និងការលើកសរសើរ៖ ក្រសួងបរិស្ថាននឹងផ្តល់ការលើកសរសើរចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តផែនការសកម្មភាពនេះបានល្អ៕