(បាត់ដំបង)៖ ប្រជាពលរដ្ឋ៧០គ្រួសារ ដែលរស់នៅជុំវិញដីអតីតផ្សារថ្មគោលចាស់ ក្នុងឃុំតាម៉ឺន ស្រុកថ្មគោលបានសម្តែងសេចក្តីត្រេកអរ និងថ្លែងអំណរគុណ ព្រមទាំងបានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសមាជិកគណៈកម្មាធិការកណ្តាល ក្រុមការងារចុះជួយស្រុកថ្មគោល និងអាជ្ញាធរខេត្តចុះផ្សព្វផ្សាយសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចឆ្វៀលដីទំនាស់ និងផ្តល់កម្មសិទ្ធស្របច្បាប់ជូនពួកគាត់ ក្រោយពេលមានទំនាស់រយៈពេលជិត១០ឆ្នាំកន្លងមក។
ការជួបជុំនេះ បានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៦ នៅទីស្នាក់ការបក្សស្រុកថ្មគោល ក្រោមអធិបតីភាពលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំអូរតាគី ឃុំតាម៉ឺនស្រុកថ្មគោល លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អាជ្ញាធរដែនដីស្រុក ឃុំ និងប្រជាពលរដ្ឋចំនួន៧០នាក់។
លោក សួស អង្គារ៍ បានថ្លែងថា សេចក្តីសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមានការស្នើរសុំពីសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដើម្បីដោះស្រាយទុក្ខកង្វល់ជូនពួកគាត់ ក្រោយពីមានទំនាស់ លើដីកម្មសិទ្ធរបស់រដ្ឋតាំងពីឆ្នាំ២០០៨ (អតីតផ្សារចាស់ថ្មគោល) ជូនដល់ពួកគាត់។
លោក បានបញ្ជាក់ថា សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ និងដោះស្រាយ ទុក្ខកង្វល់ ជូនប្រជាពលរដ្ឋ ចុះជួយឧបត្ថមជំនួយសង្រ្គោះបន្ទាន់ និងមានការផ្តល់មូលនិធិដល់ស្រ្តីសម្រាលកូនរួច ព្រមទាំងគ្រួសារអ្នកស្លាប់ ក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀល តាមរយៈក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ច័ន្ទ សុផល បានលើកឡើងថា ការបែងចែកប្រគល់កម្មសិទ្ធដីធ្លីដែលមានទំនាស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលកើតមានរឿងទំនាស់ដីធ្លីនោះ អាជ្ញាធរខេត្ត នឹងកាត់ក្បាលដី ឬរៀបចំ ក្បាលដីជាថ្មីនោះទេ ព្រោះបើសិនជារៀបចំតាបរបៀបកាត់ក្បាលដី ឲ្យស្មើៗគ្នានោះ អាចនឹងកើតមានទំនាស់កាន់តែធំតទៅទៀត ហើយអាជ្ញាធរខេត្ត ប្រកាន់ភ្ជាប់ទៅលើឯកសាររបស់បងប្អូនបានដាក់ជូន ទោះបីបងប្អូនណាមានតិច ឬច្រើនក្តី តូច ឬធំ ត្រូវប្រគល់ជូនទៅតាមលិខិត ឬឯកសារនោះ។
ក្រោយពេលបញ្ចប់ ពិធីផ្សព្វផ្សាយសេចក្តីរបស់រាជរដ្ឋាភិបាល លោក សួស អង្គារ៍ បាននាំមូលនិធិរបស់សម្តេចក្រឡហោម ស ខេង ចំនួន៧០នាក់ ក្នុងមាននៅក្នុងឃុំអូតាគី៤០នាក់ និងឃុំតាម៉ឺនចំនួន៣០នាក់ ផងដែរ៕