(សៀមរាប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ពី សារៈសំខាន់ នៃកិច្ចប្រជុំ ក្រៅផ្លូវការលើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ លោកថា កិច្ចប្រជុំក្រៅផ្លូវការលើកទី៩ ថ្នាក់រដ្ឋមន្រ្តី អាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទទួល បានជោគជ័យ យ៉ាងធំធេង។
រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្មរូបនេះ បានអះអាងឲ្យដឹងថា កិច្ចប្រជុំនេះ អាចបម្រើជាវេទិកាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ាន ដោយសារតែវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (S&T) ជាកត្តាសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកំពស់សុខុមាលភាពរបស់សហគមន៍ និងជំរុញការធ្វើសមាហរណកម្ម ក្នុងតំបន់អាស៊ាន។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់បែបនេះ ខណៈលោក បានចូលរួមនៅក្នុងកិច្ចប្រជុំ ក្រៅផ្លូវការលើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា (IAMMST-9) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Apsara Palace Resort and Conference Center នាទីក្រុងសៀមរាប។
លោក ចម ប្រសិទ្ធ បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំខាងលើនេះ បានពិភាក្សាយ៉ាងច្រើន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.អនុម័តផែនការសកម្មភាពភាពអាស៊ាន ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឆ្នាំ២០១៦-២០២៥ (APASTI 2016-2025)
២. គាំទ្រឲ្យមានថវិកាសម្រាប់ដំណើរការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍របស់អាស៊ាន
៣. ស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំកន្លងមក និងកិច្ចប្រជុំពីថ្ងៃទី២៤ ដល់២៨ ខែតុលា ឆ្នាំ២០១៦ របស់ប្រធាននៃគណៈកម្មាធិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាស៊ាន ។
៤.ពិនិត្យគម្រោងអាទិភាពសំដៅជម្រុញការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងនវានុវត្តន៍លើផ្នែកបច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ គំនិតផ្តួចផ្តើម ច្នៃប្រឌិត ដល់អ្នកវិទ្យាសាស្ត្រជាយុវជន វ័យក្មេង និងស្ត្រី បណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតមន្ទីរពិសោធន៍ ។
៥. បន្តនិងពង្រឹងកិច្ចសហប្រតិបត្តការប្រទេសជាសមាជិកអាស៊ានជាមួយគ្នា ប្រទេសជាដៃគូពិភាក្សា និងអង្គការអន្តរជាតិនានា
៦. កិច្ចប្រជុំបន្ទាប់ ប្រទេសប្រ៊ុយណេ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៧២ របស់គណៈកម្មាធិការ អាស៊ានផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា(COST-72)និងកិច្ចប្រជុំពាក់ពន្ធ័នៅខែឧសភាឆ្នាំ២០១៧។
ចំពោះកិច្ចប្រជុំលើកទី១៧ ថ្នាក់រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា(AMMST-17) និងកិច្ចប្រជុំលើកទី៧៣ របស់គណកម្មាធិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាស៊ាន (COST-73) ប្រទេសមីយ៉ានម៉ា នឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកាឆ្នាំ២០១៧។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ ក៏មានការចូលរួមពី រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិង បចេ្ចកវិទ្យានៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាស៊ាន ៦ លោក លោកស្រី ប្រធាននៃគណៈកម្មាធិការអាស៊ាន គណៈកម្មាធិការជាតិផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ាន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូបទៀតផងដែរ៕