(ភ្នំពេញ)៖ ក្រុមយុវជនកាយរិទ្ធរៀមច្បងរាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងកម្មវិធី គូរគំនូ និង ធ្វើអនាម័យដល់កុមារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មីចំនួន ៧២ នាក់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ។
កម្មវិធីនេះបានធ្វើឡើង ក្នុងឱកាសនៃជាការរម្លឹកដល់ខួប១១ឆ្នាំ នៃការបង្កើតក្រុមយុវជនកាយរិទ្ធ និង ដើម្បីបង្ហាញនូវការស្រលាញ់យកចិត្តទុកដាក់ចំពោះកុមារកំព្រាផងដែរ។
ប្រធានក្រុមយុវជនកាយរិទ្ធរៀមច្បងរាជធានីភ្នំពេញ លោក ឈួរ សុបញ្ញា ប្រាប់កុមារ ដែលកំពុងស្នាក់ នៅក្នុងមណ្ឌល កុមារកំព្រាភ្នំពេញថ្មីថា «ថ្វីដ្បិតតែប្អូនៗមានឈ្មោះថាជា កុមារកំព្រា ក៏ពិតមែន ប៉ុន្តែតាមពិតប្អូនៗមិនកំព្រា មិនឯកោឡើយ ដោយសារប្អូនមានលោកគ្រូអ្នកគ្រូ និង ប្រធានមណ្ឌល ក៏ដូជារាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ថែទាំ ផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ និង ការសិក្សាមិនឱ្យមានការលំបាកអ្វីឡើយ។ អ្វីដែលប្អូនៗត្រូវធ្វើនោះ គឺខិតខំសិក្សាយកចំណេះវិជ្ជា ហាត់ពត់លត់ដំខ្លួន ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ប្អូនៗ ព្រោះប្អូនៗក៏ជាអនាគតសសរទ្រូង នៃ ប្រទេសជាតិដូចជាកុមារដទៃទៀតដែរ»។
លោក ឈួរ សុបញ្ញា បានបញ្ជាក់គោលបំណង នៃ ការរៀបចំនេះយ៉ាងដូច្នេះថា «ដើម្បីរម្លឹកដល់ខួបទី ១១ឆ្នាំ នៃ ការបង្កើតក្រុមយុវជនកាយរិទ្ធផង និង ដើម្បីបង្ហាការយកចិត្តទុកដាក់របស់យុវជនកាយរិទ្ធរៀមច្បងរាជធានីភ្នំពេញ ចំពោះកុមារ ជាពិសេសកុមារកំព្រា» ។ កុមារដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មីនេះមានចំនួន ៧២ នាក់។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះ មានការរៀបចំកម្មវិធីកំសាន្តមួយចំនួនដូចជាការនាំគូរគំនូរ លេងល្បែងកំសាន្ត និង ធ្វើអនាម័យដល់កុមារតូចៗដូចជាងូតទឹក កក់សក់ និង កាត់ក្រចក និង រៀបចំអាហារសាមគ្គីដល់កុមារទាំងនោះផងដែរ ៕