(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារចុះសាកសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ជាកម្មករកម្មការិនី តាមបន្ទប់ជួល១២៣បន្ទប់ ស្មើនិង១២៣នាក់ និងបានចែកជូននូវគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកមួយចំនួន។
ការចែកអំណោយនេះ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅតាមបន្ទប់ជួល ក្នុងក្រុម៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរ ពីលោកស្រី អាន ផល្លា អនុប្រធាន កិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សង្កាត់ ក្រុមយុវជន ស.ស.យ.ក ព្រមទាំងនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ជាច្រើននាក់ផងដែរ។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានលើកឡើង ពីបញ្ហាមួយចំនួន ទៅកាន់កម្មករកម្មការិនីថា ការចុះសួរសុខទុក្ខនេះ គឺមានការយកចិត្ត ទុកដាក់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានយកអំណោយមកផ្ដល់ជូន ក្នុងបំណងជួយសម្រាលបញ្ហាមួយចំនួន សម្រាប់ក្រុមគ្រួសារនីមួយៗ ហើយសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាននូទូ ទាំងកម្ពុជា។
លោក ជា ពិសី បញ្ជាក់ថា «សំខាន់យើងទាំងអស់ គ្នាត្រូវចេះថែទាំសុខភាពឲ្យបានល្អ ដើម្បីជៀសវាងជំងឺឈឺថ្កាត់ផ្សេងៗ ព្រោះជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ពិសេសជំងឺគ្រុនឈាម ហើយដោយការខិតខំប្រឹងប្រែងតស៊ូធ្វើការតាំងពីប្រាក់ខែត្រឹមតែ៣០ ទៅ៤០ដុល្លារប៉ុណ្ណោះ តែឥឡូវនេះ បងប្អូនទាំងអស់គ្នា មានប្រាក់ខែគោលខ្ពស់ដល់ ទៅ១៤០ដុល្លារក្នុងមួយខែ ហើយបូករួម និងប្រាក់ថែមម៉ោងក្រៅទៀតនោះអាចកើនឡើងដល់ទៅជាង២០០ដុល្លារក្នុងមួយខែ នេះក៏ព្រោះតែមានការមើលឃើញ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានបច្ចុប្បន្ននេះ»។
សូមបញ្ជាក់ថា ចំពោះអំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នាំយកមកឧបត្ថម្ភនាពេលនេះ រួមមាន៖ អង្ករ៦០៥គីឡូក្រាម ដោយក្នុងម្នាក់ៗទទួលបានអង្ករ៥គីឡូក្រាម ទឹកស៊ីអ៊ីវ១ដប ស្កសរ១គីឡូក្រាម តែ២កញ្ចប់ មី៤កញ្ចប់ ផងដែរ៕