(ក្រចេះ)៖ លោក គង់ ក្រឹង មេបញ្ជាការរងវរសេនាតូចការពារព្រំដែន ២០៤ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជិត ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្ដល់ដីមួយកន្លែង ដែលមានទំហំ ៣០×៥០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងស្បែកកើត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ។

លោក គង់ ក្រឹង បានបញ្ជាក់ថា ការផ្តល់អំណោយនាពេលនេះ គឺទុកជាសម្បត្តិរួមសម្រាប់ការអភិវឌ្ឍន៍នាបច្ចុប្បន្ន។

លោកបានប្រកាសផ្តល់នេះ នៅក្នុង ពិធីសម្ពោធបើកការរដ្ឋានសាងសង់អគារសិក្សា ១ខ្នង ចំនួន ២បន្ទុប់ នៅថ្ងៃដែលនេះ ដោយមានការចូលរួមពី លោក ម៉ែន វណ្ណា អភិបាលស្រុកស្ដីទីស្រុកស្នួល និងកងកម្លាំងទាំងបីប្រភេទ នៅស្រុកស្នួល និងមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២០០នាក់ ។

លោក បានបន្តថា ការផ្ដល់ជូននេះ មិនមែនទើបតែធ្វើជាលើកទីមួយ ទេសំរាប់លោក កន្លងមកលោកបានចំណាយនូវធនធានទ្រព្យសម្បត្តិ៍ផ្ទាល់ខ្លួន ក្នុងការជួសជុលផ្លូវលំ ខ្សែធ្វើអណ្ដូងទឹកព្រះវិហារ ជាច្រើនកន្លែងនៅក្នុងស្រុកស្នួល ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមមួយជាមួយរាជរដ្ឋាភិបាល ។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋដែលជាជនជាតិខ្មែរឥស្លាម បានសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌របស់លោក គង់ ក្រឹង ។

ពួកគាត់ បានបញ្ជាក់ទៀតថា នេះជាលើកដំបូងហើយដែលនៅក្នុងភូមិរបស់គាត់មានអគារសិក្សា ដែលកន្លងមកកូនៗរបស់ពួកគាត់ធ្លាប់តែរៀននៅតាមព្រះវិហារ៕