(ពោធិ៍សាត់)៖ ចៅភ្លោះប្រុស៣នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ជួយសម្រាលដោយជោគជ័យ កាលពីវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីម្តាយរបស់ពួកគេឈឺពោះ ហើយបានក្រុមគ្រួសារដឹកជញ្ជូនមកមន្ទីរពេទ្យ ដើម្បីសម្រាល។
ក្រោយការសម្រាកបានដោយសវុត្ថិភាពនៅថ្ងៃដដែលនោះ ម្តាយ និងឪពុក កូនភ្លោះប្រុសទាំង៣ បានលើកដៃសុំជំនួយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារព័ត៌មាន Fresh News សូមឱ្យជួយដល់ពួកគាត់ផង ពីព្រោះពេលនេះកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ។
លោកវេជ្ជបណ្ឌិត ម៉ី ទីណូ ប្រធានមន្ទីរពេទ្យបង្អែកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីដែលមាន ផ្ទៃពោះលើកទី១ ឆ្លងទន្លេដោយសុវត្ថិភាព ហើយទទួលបានកូនភ្លោះ៣ ព្រមៗគ្នានោះ មានឈ្មោះ សូត្រ រដ្ឋា អាយុ ២១ឆ្នាំ មានប្តីឈ្មោះ ឡែន តូម៉ា អាយុ ២៨ឆ្នាំ អ្នកទាំងពីរជាប្រជាកសិករ រស់នៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវេជ្ជបណ្ឌិតបន្តថា ការសម្រាលកូនលើកទី១នេះ គឺមានកូនភ្លោះរហូតដល់ទៅ៣តែម្តង ហើយសុទ្ធតែជាកូនប្រុសទាំងអស់។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា កូនភ្លោះប្រុសទាំង៣ មានទម្ងន់មិនគ្រប់គីឡូទេ តែសុខភាពល្អ គឺទី១-មានទម្ងន់១,៤០គីឡូក្រាម ទី២-ទម្ងន់១,៧០គីឡូក្រាម និងទី៣-ទម្ងន់១,៧០គីឡូក្រាម។ ចំពោះម្តាយរបស់ទារកវិញ គឺមានសុខភាពជាធម្មតាទេ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា តាមការឲ្យដឹងពីឳពុកកូនភ្លោះទាំង៣ថា ប្រពន្ធគាត់ពុំដែលបានទៅពិនិត្យអេកូមើលផ្ទៃពោះអ្វីនោះទេ ស្រាប់តែពេលមកសម្រាលកូននៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យបាននិយាយថា ប្រពន្ធរបស់គាត់មានកូនភ្លោះរហូតដល់ទៅ ៣នាក់៕