(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប មុនទៅសិក្សានៅប្រទេសអូស្ត្រាលីដែលមកពីក្រសួង ស្ថាប័ន និងផ្នែកឯកជនផ្សេងៗគ្នា។
បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប នឹងទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សាផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនិងភាពធន, យុទ្ធសាស្រ្តទំនាក់ទំនង, សិក្សាអភិវឌ្ឍន៍, យេនឌ័រ និងការសិក្សាអភិឌ្ឍន៍, សហគ្រិនភាព និងនវានុវត្តន៍, គីមីចំនីអាហារ និងបច្ចេកវិទ្យា, បរិស្ថាន និងនិរន្តភាព, ធុរកិច្ចកសិកម្ម, ច្បាប់ក្នុងការដោះស្រាយវិវាទ, ការអភិវឌ្ឍន៍សកល, បញ្ញាសិប្បនិមិ្មត (AI), សុខភាពបរិស្ថាន, សេដ្ឋកិច្ច, និងអប់រំ។
លោក ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី ដែលបានមកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ដឹង និងចង់ស្គាល់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោក ហួត ហាក់ បានបញ្ជាក់ជូនបេក្ខជន និងបេក្ខនារី អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ ពេលបំពញការសិក្សានៅក្រៅប្រទេស ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់។
លោក ហួត ហាក់ បញ្ជាក់បន្ថែមថា ពេលបញ្ចប់ការសិក្សាបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទាំង ១៧រូប ត្រឡប់មកវិញប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗរស់នៅ។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់បេក្ខជន និងបេក្ខនារី ឲ្យចូលរួមក្នុងកម្មវិធី របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី និងក្រុមការងារយុវជននៅទីនោះផងដែរ និងបានផ្តល់ជូនប្រតិទិនឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ Eco Bag ក្រសួងទេសចរណ៍ Pin របស់ក្រសួងទេសចរណ៍ និងសៀវភៅជាកាដូអនុស្សាវរីយ៍ ចំនួន ៣ក្បាលក្នុងម្នាក់ៗ ដែលជាចំណងដៃរបស់លោក ហួត ហាក់ រួមមាន៖ ១.អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (សម្តេចតេជោ) ២.ទឹកចិត្តអ្នកជួយសង្គ្រោះ (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ៣.កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី)។
បើតាមការលើកឡើងរបស់ លោក ហួត ហាក់, សៀវភៅទាំងបីខាងលើនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋានដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលបេក្ខជន និងបេក្ខនារីជ្រើសរើស ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងបេក្ខជន និងបេក្ខនារីទាំង១៧រូប ព្រមទាំងក្រុមគ្រួសារ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការរៀនសូត្រ៕