(ភ្នំពេញ)៖ លោក ម៉ៅ ខឺ (Mao Ke) អនុប្រធាន និងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មក្រុងឆឹងទូ ខេត្តស៉ីឈ័ន ប្រទេសចិន បានលើកឡើងពីបំណងបង្កើតផ្លូវអាហារចិន ឬផ្លូវអាហារឆឹងទូ នៅក្នុងប្រទេសកម្ពុជា។

បំណងរបស់លោក ម៉ៅ ខឺ ត្រូវបានបង្ហាញឡើងក្នុងឱកាសលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យសភាពាណិជ្ជកម្មក្រុងឆឹងទូ ដឹកនាំដោយលោក លី ពីវ (Li Biao) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

បើតាមលោក ម៉ៅ ខឺ (Mao Ke) មូលហេតុដែលស្នើឲ្យបង្កើតផ្លូវអាហារចិន ឬផ្លូវអាហារឆឹងទូ នៅកម្ពុជា ក៏ព្រោះតែក្រុងឆឹងទូ ល្បីល្បាញដោយសារតែអាហារ ហើយអំឡុងពេលចិនរៀបចំព្រឹត្តិការណ៍អូឡាំពិក នៅក្រុងប៉េកាំង អាហារឆឹងទូ ត្រូវបានគេទទួលទានច្រើនជាងគេ ជាពិសេសស៊ុបស៉ីឈ័ន។

ស្របពេលជាមួយគ្នានេះ លោក លី ពីវ បានលើកឡើងពីប្រវត្តិត្រួសៗរបស់ក្រុងឆឹងទូ ដែលជាក្រុងបុរាណ មានឫសគល់វប្បធម៌ប្រមាណ ៤ ៥០០ឆ្នាំ ហើយត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងប្រមាណ ២ ៣០០ឆ្នាំ។ លោកបានលើកឡើងថា ដោយសារឆឹងទូ មានអាយុកាលយូរលង់មកហើយ បានជាទីក្រុងនេះ ពោរពេញដោយអាហារយ៉ាងសម្បូរបែបនេះ។

ក្នុងជំនួបនេះដែរ លោក ព្រាប កុល បានស្វាគមន៍ដោយភាពកក់ក្តៅ និងបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ក៏ដូចជារវាងប្រជាពលរដ្ឋកម្ពុជា-ចិន។ លោក ព្រាប កុល ក៏បានផ្តល់នូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងច្បាប់វិនិយោគ ឱកាសល្អៗ និងកត្តាអំណោយផលសម្រាប់វិនិយោគនៅកម្ពុជា ដូចជា បរិយាកាសនយោបាយ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា សម្បូរកម្លាំងពលកម្មវ័យក្មេង និងសក្តានុពលគ្រប់វិស័យ ពិសេសវិស័យកសិកម្មផងដែរ ស្របពេលកម្ពុជាកំពុងរកដៃគូ ដើម្បីវិនិយោគលើវិស័យធំៗ។

ក្នុងជំនួបនេះ ក៏មានការជជែកពីការផ្លាស់ប្តូរទំនិញចេញ-ចូល រវាងកម្ពុជា-ចិន មានអង្ករ ផ្លែឈើ ក៏ដូចជាមានផលិផលអ្វីផ្សេងៗ ដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ ជាពិសេសប្រជាជនចិន ក៏ដូចជាផលិតផលដែលកម្ពុជាអាចត្រូវការ និងនាំចូលពីចិនមកវិញ។

សូមជម្រាបដែរថា សភាពាណិជ្ជកម្មឆឹងទូ មានសមាជិក ៣ ០០០ក្រុមហ៊ុន ហើយការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គណៈប្រតិភូចិន មានគ្នាចំនួន ២០នាក់​។ ពួកគាត់ធ្វើដំណើរមកកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ពីឱកាសសម្រាប់វិនិយោគ លើវិស័យជាច្រើន ដែលក្នុងនោះមានទាំងវិស័យអាកាសចរណ៍ស៉ីវិល តំបន់សេដ្ឋកិច្ចពិសេស ឧទ្យានពាណិជ្ជកម្ម សហគ្រាស វិស័យកសិកម្ម បច្ចេកវិទ្យា ការនាំចេញផលិតផលកម្ពុជា-ចិន ការរៀបចំវេចខ្ចប់ និងផ្នែកកែច្នៃម្ហូបអាហារជាដើម។

ក្នុងជំនួបនោះដែរ ក៏មានការចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល តំណាងពីសមាគមសម្របសម្រួលផ្នែកការវិនិយោគ ក៏ដូចជាពីស្ថាប័នរដ្ឋសភាផងដែរ៕