(ភ្នំពេញ)៖  រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធជូនប្រជាពលរដ្ឋ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីចែកបណ្ណសម្គាល់អចលនវត្ថុចុងក្រោយ ចំនួន២ពាន់ក្បាលដី សិ្ថតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប្លុង សីហៈ ប្រធានការិយាល័យដែនដីខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចំនួន៧ ស្មើនឹង៧៥ភូមិ ត្រូវបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ដែលរួមទាំងពេលនេះផង គឺរួចរាល់អស់ហើយ ក្នុងចំណោមម្ចាស់ដីដែលបានចូលរួមជាមួយមន្ត្រីជំនាញ។

ដោយឡែកម្ចាស់ដីមួយចំនួន ដែលមិនបានចូលរួមអំឡុងពេលវាស់វែងកន្លងទៅ ក៏នៅមានសិទ្ធិក្នុងការចុះបញ្ជីបន្ថែមបានដែរ ប៉ុន្តែតម្រូវឲ្យដាក់ពាក្យស្នើសុំ នៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដែលមានការបញ្ជាក់ត្រឹមត្រូវ រួមទាំងថ្លៃសេវាចុះបញ្ជីនេះ ដូច្នេះសូមប្រជាពលរដ្ឋរួសរាន់។

ចំណែកប្រជាពលរដ្ឋភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលបានចូលរួមក្នុងពិធីប្រគល់/ទទួល ប័ណ្ណកម្មសិទ្ធិចុងក្រោយនេះ បានសម្តែងការសប្បាយរីករាយ និងអរគុណជាអនេកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ពិសេសអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធិកាន់កាប់ដីធី្លពេញលេញដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធនេះមានសារសំខាន់ណាស់សម្រាប់ពួកគាត់ទាំងការប្រើប្រាស់ និងការកាន់កាប់។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងការសាទរ ចំពោះការបញ្ចប់ការចុះបញ្ជី និងចែកបណ្ណដីធ្លីក្នុងខណ្ឌនាពេលនេះ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។ 

ដោយឡែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានី រហូតមកដល់ពេលនេះ គឺបានចំនួនជាង៤៥ម៉ឺនក្បាលដី ក្នុងចំណោមក្បាលដីសរុបប្រមាណ៥០ម៉ឺនក្បាលដី។

ក្នុងនោះ បានបិទផ្សាយសាធារណៈជាង៤៣ម៉ឺនក្បាលដី និងចែកបណ្ណបានជាង២៩ម៉ឺនក្បាលដី លើសង្កាត់ចំនួន៩៧ ក្នុងចំណោមសង្កាត់សរុប១០៥របស់រាជធានីភ្នំពេញ។ ជារួមនៅក្នុងរាជធានីភ្នំពេញ មាន១៤ខណ្ឌ គឺបានចុះបញ្ជី និងចែកប័ណ្ណបញ្ចប់បានចំនួន៧ខណ្ឌហើយ និងកំពុងគ្រោងបញ្ចប់ជាបន្តបន្ទាប់ទៀត ខណៈផែនការដែលត្រូវបញ្ចប់ទាំងស្រុង គឺនៅត្រឹមដំណាច់ឆ្នាំ២០២៥។

ប៉ុន្តែទោះជាយ៉ាងណាលោកថា សម្រាប់ខណ្ឌ៧មករាមិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើន ជាប់សហកម្មសិទ្ធិច្រើននាក់។ ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ១០%ទៀតដែរ ដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមកម្ចាស់ដីមិនបានចូលរួមជាមួយមន្ត្រីជំនាញ៕