(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបរិស្ថាន គ្មានចេតនាណាលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលនៅកម្ពុជាឡើយ ហើយក៏បានផ្សព្វផ្សាយរាល់ថ្ងៃពីស្ថានភាពគុណភាពខ្យល់ ដើម្បីឱ្យពលរដ្ឋការពារខ្លួនតាមវិធានសុខាភិបាល ដើម្បីធ្វើយ៉ាងណាបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
ការចេញមកបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា បានបង្ហាញការព្រួយបារម្ភតាមបណ្ដាញសង្គមម្ដងហើយ ម្តងទៀត អំពីគុណភាពខ្យល់នៅកម្ពុជា ក្រោយឃើញលទ្ធផលនៅលើគេហទំព័រគុណភាពខ្យល់របស់បរទេសបង្ហាញថាគុណភាពខ្យល់នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនមានកម្រិតភាគល្អិតខ្ពស់។
ជុំវិញលទ្ធផលដែលបង្ហាញនៅលើគេហទំព័រ IQAir រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ឆ្លើយតបគេហទំព័រនេះ មិនបានដាក់ឧបករណ៍វាស់វែង ត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជាឡើយ ពោលគឺពឹងផ្អែកទៅលើរូបភាពផ្កាយរណប ដែលផ្ទុយពីក្រសួងបរិស្ថាន មានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩ នៅទូទាំងប្រទេសកម្ពុជា និងថែមទាំងមានរថយន្តចល័តសម្រាប់វាស់គុណភាពខ្យល់ចំនួន៣ គ្រឿងចាំចល័តវាស់គុណភាពខ្យល់ដែលស្ថានីយរបស់ក្រសួងបង្ហាញថាមានខ្យល់ពុលនៅទីតាំងណាមួយ ដើម្បីបញ្ជាក់បន្ថែម។
ក្នុងឱកាសផ្តល់បទម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះ៖ «ចំពោះស្ថានភាពគុណភាពខ្យល់កម្ពុជាឱ្យមានលាក់ អត់មានបាំង ប្រជាជនយើងទេ តែបានផ្សព្វផ្សាយឱ្យប្រជាជនយើងបានដឹង ថាយើងមានខ្យល់ពុលប៉ុណ្ណឹង ការពារខ្លួន តាមវិធានសុខាភិបាល កុំឱ្យគ្រោះថ្នាក់ មិនអាចអនុញ្ញាតឱ្យប្រជាជនមានគ្រោះថ្នាក់ដោយសារខ្យល់ពុលទេ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏សូមឱ្យប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើក្រសួងបរិស្ថាន ក្រសួងបរិស្ថាន គ្មានគំនិតចិត្តចង់លាក់បាំងគុណភាពខ្យល់នៅកម្ពុជាឡើយ។ សូមជូនព័ត៌មានបន្តផ្ទាល់ ហើយព័ត៌មានគុណភាពខ្យល់នេះទៀតសោត ក៏មានការណែនាំជូនថា បើមានកម្រិតខ្យល់ពុលដល់កម្រិត ក្រសួងនឹងឱ្យពាក់ម៉ាស ឬក៏ហាមចេញពីផ្ទះ ដើម្បីចៀសវាសដល់សុខភាព។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ណែនាំឱ្យអ្នកនាំពាក្យក្រសួងបរិស្ថាន ត្រូវបន្តផ្សព្វផ្សាយអំពីគុណភាពខ្យល់នៅកម្ពុជា ឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពលរដ្ឋកម្ពុជា បានយល់ដឹងពីគុណភាពខ្យល់ និងត្រៀមការពារក្នុងប្រការណាមួយ ក៏ដូចជាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ចៀសផលប៉ះពាល់ចំពោះសុខភាពទាន់ពេលវេលា។
លោកបណ្ឌិត អ៊ាង សុផល្លែត ចាត់ទុកលទ្ធផលគុណភាពខ្យល់ដែលផ្សព្វផ្សាយដោយគេហទំព័របរទេស ទាំងដែលគ្មានស្ថានីយវាស់ ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាជាក់ស្ដែង ថាជាការលាបពណ៌ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា រារាំងមិនឱ្យភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលស្គាល់ថា នៅកម្ពុជាពិតជាមានករណីខ្យល់ពុលនៅតាមម៉ោងមួយចំនួន ដែលបញ្ហានេះកើតឡើងគួបផ្សំនឹងកត្តាអាកាសធាតុចុះអ័ព្ទ ទើបខ្យល់ពុលមិនអាចបក់ទៅក្នុងបរិយាកាសបាន ប៉ុន្តែខ្យល់ពុលនៅកម្ពុជាមិនទាន់ជាករណីធ្ងន់ធ្ងរលើសបន្ទាត់ក្រហមដែលកំណត់ដោយអង្គការសុខភាពពិភពលោកឡើយ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋតាមដានអំពីគុណភាពខ្យល់នៅកម្ពុជា តាមរយៈវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA៕
https://image.freshnewsasia.com/2021/id-022/fn-2025-03-27-19-33-51-1.JPG