(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោក បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយផ្តោតសំខាន់លើការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍវិស័យកសិកម្ម និងការពង្រឹងសុវត្ថិភាពនៅមូលដ្ឋាន។
ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឌិត ទីណា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលានិងមានគុណភាពខ្ពស់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំអំពីគំនិតផ្តួចផ្តើមទំនើបកម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ «គិតទុកជាមុន និងមានទីផ្សារមុនដាំ» ដោយលើកទឹកចិត្តឱ្យមានការបង្កើតសហគមន៍កសិកម្មទំនើប។ លោក បានបន្តថាគំរូនេះនឹងជួយឱ្យកសិករអាច៖
-ផលិតរួមគ្នា និងលក់រួមគ្នា ដើម្បីបង្កើនអំណាចទីផ្សារ
-កាត់បន្ថយថ្លៃដើមលើធាតុចូលកសិកម្ម
-បង្កើនប្រាក់ចំណេញតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ។ ក្រសួងនឹងដើរតួជាអាណាព្យាបាល ផ្តល់ការគាំទ្រ និងការសម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុងគ្រប់ដំណើរការ។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាព័ត៌មាននិងសេវាកម្មអាចទៅដល់អ្នកដែលត្រូវការវាបំផុត។
គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់៕