(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍។

អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថារួមមាន សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, លោកអនុប្រធាន និងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងនិស្សិតប្រមាណជិត៤០០នាក់។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាលផង។ ការងារនេះ ត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន។ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាអ្នកជំងឺមួយជីវិត៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង (វិស័យសុខាភិបាល), ២- មានផ្នត់គំនិតមិនដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាលថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិនខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ, ៣- មានការខ្មាស់អៀន, ៤- រងនូវការមាក់ងាយនិងរើសអើង, ៥- ត្រូវការរស់នៅក្នុងសង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ (វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:។ល។)។

ចំណែឯការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ (នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម), ២- លើកទឹកចិត្តអ្នកដែលសង្ស័យថា ផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើ PrEP ឬ PEP។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបនឹងមេរោគអេដស៍ទើបអង្គការយូអិនអេដស៍បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ ហើយនៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក៏ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឱ្យឃើញថា គោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួលលទ្ធផលល្អគួរជាទីមោទនៈ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១ (បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ជាសេចក្តីសន្និដ្ឋាន លោកទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា បើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខាន ដែលនៅទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខាន៕