(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំសហព្រំប្រទល់រវាងខេត្ត និងខេត្ត ស្រុក និងស្រុក ឃុំ និងឃុំ ជាប់ព្រំប្រទល់ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ រវាងខេត្តកំពង់ចាម-ខេត្តកំពង់ធំ-ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ លោកឧត្តមសេនីយទោ ហេង វុទ្ធី បានផ្សព្វផ្សាយ និងដាក់ចេញនូវគោលការណ៍សំខាន់មួយចំនួន ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ ពិសេសបទល្មើស លួច ឆក់ ប្លន់ ការងារយុទ្ឋនាការបង្ការ បង្ក្រាប និងទប់ស្កាត់ សកម្មភាពក្មេងទំនើង និងការគ្រប់គ្រងផ្លាស់ប្ដូរព័ត៌មានលើមុខសញ្ញាគ្រប់ប្រភេទ។
ជាលទ្ធផលនៃកិច្ចប្រជុំ រវាងខេត្តទាំង៤ បានឯកភាពគ្នាលើកិច្ចប្រតិបត្តិការរួមមួយ ដើម្បីបន្ដនិរន្តរភាព លើកិច្ចសហការ រវាងសហព្រំប្រទល់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពស្និទ្ធស្នាល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ-នាយរងការិយាល័យ ចំណុះផែនព្រហ្មទណ្ឌ តំណាងតំបន់សឹករងស្រុក លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ជាប់ព្រំប្រទល់រវាងស្រុក និងស្រុក ខេត្ត និងខេត្តទាំង៤៕