(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានចាត់តំណាងចូលរួមពិធីប្រគល់ និងទទួលម៉ាស៊ីនលាងឈាមចំនួនមួយគ្រឿងបន្ថែមទៀត ដែលជាប្រភេទម៉ាស៊ីនបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយផលិតនៅប្រទេសអាឡឺម៉ង់ ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត កែវ សូថា តំណាងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អ្នកឧកញ៉ាបានឧបត្ថម្ភម៉ាស៊ីនលាងឈាមចំនួន២គ្រឿងប្រភេទនេះជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកការឧបត្ថម្ភមួយគ្រឿងបន្ថែមទៀតនេះ គឺតបតាមការស្នើសុំរបស់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយហេតុថាអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងជាបន្តបន្ទាប់ ហើយមន្ទីរពេទ្យកំពុងមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សម្រាប់បង្កើនការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែមក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជាប់គ្នានេះ។
លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកឧកញ៉ាតែងគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសខេត្តកំពង់ឆ្នាំង ដោយបានឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់សរុបជាថវិកាជាង ៣៦ម៉ឺនដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៥ ដោយមានការសាងសង់អគារសង្គ្រោះបន្ទាន់ និងសម្ភារបរិក្ខារ ថ្នាំពេទ្យ សាងសង់អគារសម្ភព តបណ្តាញទឹក ចាក់ដី ក្រួសក្រហមក្នុងបរិវេណមន្ទីរពេទ្យ ជាពិសេសម៉ាស៊ីនលាងឈាមសរុបចំនួន៣គ្រឿង, ម៉ាស៊ីនបន្សុទ្ធទឹកចំនួន១គ្រឿង, ម៉ាស៊ីនអេកូចំនួន១គ្រឿងផលិតនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពខ្ពស់សម្រាប់អេកូផ្ទៃពោះ និងបេះដូង, ម៉ាស៊ីនភ្លើតម្លៃជាង៥ម៉ឺនដុល្លារអាមេរិកចំនួន១គ្រឿង, រទេះរុញចំនួន២០គ្រឿង និងជួសជុលអគារលាងឈាមមានបំពាក់ប្រព័ន្ធអុកស៊ីសែន ម៉ាស៊ីនត្រជាក់ បណ្ដាញអគ្គិសនី និងម៉ាស៊ីន UV សម្លាប់មេរោគ ជាពិសេសនៅអំឡុងពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលលោកបានឧបត្ថម្ភជាបន្តបន្ទាប់នូវ ម៉ាស អាកុល ទឹកសុទ្ធ និងភេសជ្ជៈជាដើម។
លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺផ្ទាល់ សម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លា ពោរពេញដោយមនុស្សធម៌របស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ជាពិសេសករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ ដែលតែងគិតគូរ និងឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ តាំងពីមុនឆ្នាំ១៩៩៣។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ការជួយឧបត្ថម្ភរបស់អ្នកឧកញ៉ា និងលោកជំទាវ មានច្រើនស្ទើរាប់មិនអស់ ហើយស្របពេលនិង មន្ទីរពេទ្យកំពុងមានតម្រូវការចាំបាច់បំផុតក្នុងការព្យាបាល និងសង្គ្រោះអ្នកជំងឺ ដោយបច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានអ្នកជំងឺមកពិគ្រោះ និងសម្រាកព្យាបាលជាង ៥,៨៣០ករណីក្នុងមួយខែ។ ក្នុងនោះ ៩០០ករណី ទៅ១,០០០ករណីជាអ្នកជំងឺទឹកនោមផ្អែម និងលើសម្ពាធឈាម ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ និងត្រូវការលាងឈាមមានត្រឹម ៩នាក់ស្មើនិង១៧៤ដង ក្នុងឆ្នាំ២០២៣ រីឯឆ្នាំ២០២៤ កើនដល់១៦នាក់ស្មើនិង ៤៧៩ដង និងមាន ១៣នាក់ស្មើនិង៦៧ដង គិតត្រឹមចុងខែមករា ឆ្នាំ២០២៥នេះ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា អំណោយនេះ គឺមានសារៈសំខាន់សម្រាប់វិស័យសុខាភិបាលខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋពិតជាមានសំណាង និងសាទរយ៉ាងខ្លាំងដែលទទួលបានសេវាលាងឈាមជាមួយម៉ាស៊ីនដ៏ទំនើប និងលោកចាត់ទុកថានេះជាកាយវិការដ៏ថ្លៃថ្លាបំផុតក្នុងការគាំទ្រវិស័យសុខាភិបាលក្នុងខេត្តកំពង់ឆ្នាំងកាន់តែមានភាពប្រសើរឡើង ហើយនេះ គឺជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេវាសុខភាពសាធារណៈ ហើយថ្មីៗនេះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានទទួលជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៤ ដែលនេះជាការរួមចំណែកធំមួយរបស់អ្នកឧកញ៉ា និងលោកស្រី។
អ្នកជំងឺដែលមកទទួលសេវាលាងឈាមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានសម្ដែងនូវភាពសប្បាយរីករាយឥតឧបមា ចំពោះការទទួលបាននូវការព្យាបាលដោយម៉ាស៊ីនដែលអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ទើបប្រគល់ជូន ហើយតាមរយៈការជួយឧបត្ថម្ភនេះ នឹងជួយសម្រាលបន្ទុកក្នុងការចំណាយច្រើនលើថ្លៃធ្វើដំណើរឆ្ងាយទៅភ្នំពេញ ដែលអាចសម្រួលដល់សុខភាព និងចំណេញពេលវេលាច្រើន។
ជំនួសមុខឱ្យអ្នកជំងឺទាំងអស់ដែលមកទទួលយកសេវាលាងឈាម លោកសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តមហាសប្បុរសរបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ និងសូមជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច។