(រតនៈគីរី)៖ កម្លាំងនគរបាលប៉ុស្តិ៍ឃុំចាអ៊ុង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងនិងកម្លាំងនគរបាលព្រហ្មកម្រិតស្រាលនៃស្នងការនគរបាលខេត្ត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានចុះឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់ នៅចំណុចក្បែរបន្ទាយវរសេនាតូចអន្តរាគមន៍លេខ១ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចនគរបាល ដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់ក្របីឈ្មោះក្រទុ ពឿងជនជាតិ គ្រឹងភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិធួយទុំ ឃុំចាអ៊ុងមានបាត់ក្របី៤ក្បាល នៅវេលាម៉ោង១០យប់ថ្ងៃ ទី២៩ខែតុលា កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវមុខសញ្ញា។
លុះដល់ម៉ោងប្រមាណ៨៖១៥នាទីព្រឹក ថ្ងៃទី៣០ ខែតុលានេះ កម្លាំងបានចុះបង្ក្រាបជាក់ស្តែងនៅទីតាំងលើ។ប្រភព័ព៌តមានខាងលើ ប្រាប់បន្តថាកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់ក្នុងនោះម្ចាស់ផ្ទះមានឈ្មោះហ៊ិម សះ ភេទស្រីអាយុ៥១ឆ្នាំ ជនជាតិខ្មែរឥស្លាម។ប៉ុន្តែជនសង្ស័យ៣នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចនគរបាលបន្ថែមឲ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះ បានដកហូតបានក្របីរស់១ក្បាលស្បែកគោ ស្បែកក្របី និងសាច់ក្របីពន្លះសាច់ ហើយមួយចំនួន។
បច្ចុប្បន្នជនសង្ស័យប្រុស ស្រី៤នាក់ ក្របីរស់១ក្បាល និងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងនគរបាលនាំមកស្នងការនគរបាលខេត្តរតនគិរី។ ជាការកត់សម្គាល់មួយរយះកន្លងមកនេះ ក្នុងភូមិសាស្ត្រខេត្តរតនគិរី គោ ក្របីរបស់ប្រជាពលរដ្ឋត្រូវចោរលួចអស់ជាច្រើនក្បាល៕