Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះ MOU ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ

27-03-2025 16:48

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា បានអញ្ជើញជាសហប្រធានចុះអនុស្សរណៈនៃការយោគយល់ (MOU) «ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ» រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងពិធីចុះអនុស្សរណៈនេះ ក៏មានការអញ្ជើញចូលរួម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។

ជាកិច្ចចាប់ផ្តើមនៃពិធីនេះ បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោកស្រី សមាជិក សមាជិកា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា នាថ្ងៃនេះ។

ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ ជាយន្តការដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈកាលផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើស បញ្ញើតាមគោលការណ៍ស្ម័គ្រចិត្ត លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ដោយមិនចាំបាច់ត្រឡប់មកទទួលយកឯកសារ។

គួបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមគោលការណ៍ស្ម័គ្រចិត្ត គឺជាការផ្ដល់ភាពងាយស្រួលបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់៕