ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ នៅលើពិភពលោក មិនទាន់មានថ្នាំព្យាបាលអ្នកញៀនគ្រឿងញៀននោះទេ, សាកល្បង៤ដងនឹងក្លាយទៅជាអ្នកញៀន (Video inside)
27-03-2025 16:39
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា បច្ចុប្បន្ននេះនៅលើពិភពលោក មិនទាន់មានថ្នាំសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននោះទេ ពោលមានតែយកទៅមណ្ឌលបន្សាបប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃមន្ទីរពិសោធន៍ អ្នកដែលសាកល្បងប្រើប្រាស់គ្រឿងញៀន ចំនួន៤ដង នឹងជាប់ក្នុងឈាមហើយក្លាយជាអ្នកញៀនតែម្ដង។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តដើរតួនាទីស្នូល ក្នុងការបង្កើនប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចំពោះមជ្ឈមណ្ឌល និងមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់រដ្ឋ និងឯកជន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
លើសពីនេះ ត្រូវសហការជាប់ជាប្រចាំជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល ក្នុងគោលបំណងសំដៅធានាឲ្យបាននូវស្តង់ដាគុណភាពសេវា ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស៕