(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំថ្មី (អន្តរកាល) ក្នុងការជួយសម្រួលដល់បងប្អូនប្រជានេសាទ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យពួកគាត់ប្រើប្រាស់ប្រភេទឧបករណ៍នេសាទ «អូសលៀស, លប-ណររ៉ាវ និងមងអូសដៃ» នាអំឡុងពេលរឹតបណ្តឹងច្បាប់។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផែបណ្តែតទឹកក្នុងឃុំកំពង់លួង ដោយបានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត, លោក ហុង ហ៊ី តំណាងរដ្ឋបាលជលផល, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ-ស្រុកក្រគរ, ក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥, កងពលតូចលេខ៥៣ ប្រចាំការខេត្តពោធិ៍សាត់, មន្ត្រីជំនាញរដ្ឋបាលជលផល និងបងប្អូនប្រជានេសាទ សរុបប្រមាណ២១០នាក់។

លោក ខូយ រីដា បានលើកឡើងថា នាអំឡុងពេលបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់កងទ័ពជើងគោក សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥កន្លងមកនេះ ឃើញថាបងប្អូនប្រជានេសាទយើង បានជួបបញ្ហាប្រឈមជីវភាព ដោយសារការរឹតបន្តឹងរបស់កងកម្លាំងមានសមត្ថកិច្ច។ ក្នុងស្ថានភាពបែបនេះ អាជ្ញាធរខេត្ត បានចុះមកជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា និងដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ណែនាំថ្មី (អន្តរកាល) ជួយដល់បងប្អូនប្រជានេសាទយើង ឱ្យពួកគាត់ប្រើប្រាស់ប្រភេទឧបករណ៍នេសាទ «អូសលៀស ដោយប្រើម៉ាស៊ីន១៨សេសចុះក្រោម ក្រឡាឈ្នៀង៣ហ៊ុន, លប-ណររ៉ាវ ក្រឡា៣ហ៊ុន ប្រវែង២៥០ម៉ែត្រ និងមងអូសដៃ ក្រឡា១ហ៊ុនកន្លះឡើង ប្រវែង១០០ម៉ែត្រចុះក្រោម»។

លោកអភិបាលខេត្តបន្តថា ការចុះផ្សព្វផ្សាយអំពីគោលការណ៍ណែនាំថ្មី (អន្តរកាល)នេះដែរ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយសម្រួលជីវភាពប្រជានេសាទ នាអំឡុងពេលរឹតបណ្តឹងច្បាប់ ដើម្បីឱ្យបងប្អូនប្រជានេសាទយើង អាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងមានការទទួលខុសត្រូវដោយខ្លួនឯង។

ជាមួយគ្នានោះ លោកបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក សម្រេចបាន ក្នុងកិច្ចការងារបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចពីការនឿយហត់ រហូតទទួលបានការសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងសាធារណជនគ្រប់ទិសទី។

លោក ខូយ រីដា បានធ្វើការណែនាំដល់មន្ត្រីជំនាញឱ្យស្រង់ស្ថិតិទូក កាណូត របស់ប្រជានេសាទ និងអ្នកពាក់ព័ន្ធលើផ្ទៃទឹកទាំងអស់ ងាយស្រួលក្នុងការគ្រប់គ្រង និងមានវិធានការតឹងរឹង ចំពោះក្មេងទំនើងបើកបរក្នុងល្បឿនលឿន បង្កសម្លេងរំខាន ដល់សុខសុវត្ថិភាពអ្នកជិតខាង។ ចំពោះសំណូមពររបស់ប្រជានេសាទ លោកនឹងយកទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំ ដើម្បីរួមគ្នាឯកភាពសម្រេចជាក្រោយ លើកិច្ចការងារការប្រើប្រាស់ឧបករណ៍នេសាទ ឱ្យស្របទៅតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមលើនោះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព សូមធ្វើការគាំទ្រ និងចូលរួមថែរក្សាការពារធនធានមច្ឆជាតិ ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពចាំថ្ងៃ ជាពិសេសឈានទៅអភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅយើងជំនាន់ក្រោយ។

តាមរយៈនៃការផ្សព្វផ្សាយ ឃើញថាប្រជានេសាទ ក៏ដូចប្រជាសហគមន៍បានដឹង និងយល់ច្បាស់ក្នុងអន្តរកាលនេះ ព្រមទាំងបានរួមគ្នាគោរពច្បាប់ រួមគ្នាទប់ស្កាត់ រាល់បទល្មើសនេសាទ នៅតាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ ត្រូវបានហាមឃាត់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕