(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសនៅទីតាំង ដែលមានរៀបចំពិធីសង្ក្រាន្តនៅក្នុងមូលដ្ឋាន។

ការថ្លែងណែនាំបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ការពារសន្តិសុខសណ្តាប់បានល្អ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

*១៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការងារពង្រឹង ភូមិ ឃុំ មានសុវត្ថិភាព ដូចជាការបង្ក្រាបក្មេងទំនើង ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
*២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
*៣៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
*៤៖ មន្ទីរការងាររួមទាំងរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។
*៥៖ ដើម្បីទប់ស្កាតទៅលើការថែរក្សាគុណភាពផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវពិនិត្យនិងរៀបចំដាក់របានៅផ្លូវមួយចំនួនដែលរថយន្តធុនធំដឹកលើសទំងន់។
*៦៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងមន្ទីរ-អង្គភាព ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន និងសោភ័ណ្ឌភាពនៅក្នុងអង្គភាពរបស់របស់ខ្លួន ដូចជាការរៀបចំតុបតែងភ្លើងលម្អរ​ជាដើម​ ដើម្បីទទួលសិរីសួស្តីពីទេវតាឆ្នាំថ្មី។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្តបានអនុញ្ញាតឲ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ជមានមួយចំនួន ទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានា ដែលពាក់ព័ន្ធ។

ទន្ទឹមនោះ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត​ បានអាននូវសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការបង្ក្រាបល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងអានសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មកាដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ផងដែរ៕