(រតនគិរី)៖ មាត់បឹងកន្សែងស្ថិតនៅចំកណ្តាល នៃបេះដូងខេត្តរតនគិរី និងជាតំបន់រមណីដ្ឋានទេសចរណ៍ បានបន្ថែមរូបសំណាកសត្វថ្មីៗ ដើម្បីលម្អឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវមកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ក្រោមការផ្តួចផ្តើមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅបរិវេណមាត់បឹងកន្សែង បានរៀបចំដាក់រូបសំណាកគ្រួសារដំរី, រូបសំណាកសត្វអក ព្រមទាំងរូបសំណាកសត្វដទៃទៀត ដែលក្មេងៗជំនាន់ក្រោយ មិនសូវបានស្គាល់នោះទេ។
ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ ភ្ញៀវមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ, លោក ញ៉ែម សំអឿន បានសាងសង់បន្ថែមទៀតនូវរូបសំណាកសត្វមួយចំនួនដូចជា ដំរីឈរនៅលើវាលស្មៅចំនួន៣ក្បាល ឈ្លូស គោព្រៃ សត្វខ្ទីង សត្វខ្លាឃ្មុំ និងសត្វទោម អមជាមួយទេសភាពវាលស្មៅដ៏ស្រស់ត្រកាលផងដែរ។
លោក ញ៉ែម សំអឿន បានលើកឡើងថា បឹងធម្មជាតិមួយនេះ បានប្រែមុខមាត់ថ្មីដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីដ្ឋានល្អ ឯកប្រកបដោយភាពទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ មានខ្សែរ៉តជិះលេងកម្សាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្រៅពីរមណីដ្ឋានមាត់បឹងកន្សែងខេត្តរតនគិរី មានរមណីដ្ឋានធម្មជាតិជាច្រើនកន្លែងទៀត ដូចជា៖ បឹងប្រវត្តិសាស្ត្រយក្ខឡោម, រមណីដ្ឋានអូរស៊ិនលែរ៍, ទឹកជ្រោះកាចាញ, ទឹកជ្រោះចាអ៊ុងជាដើម។
ក្នុងនាមរដ្ឋបាលខេត្ត លោក ញ៉ែម សំអឿន បានអំពាវនាវឲ្យភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ឲ្យមកកម្សាន្តខេត្តនៃភូមភាគឦសានមួយនេះ ឲ្យបានច្រើនកុះករ៕