(សៀមរាប)៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី កិច្ចសន្ទនា និងពិនិត្យឡើងវិញ ភាពជាដៃគូត្រៀមរៀបចំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្រាក់ គឹម គីមហុង អគ្គលេខាធិការរង តំណាងឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ស្រី កុសល នាយកប្រតិបត្តិអង្គការប៉ាជិក និងជាប្រធានវេទិការមនុស្សធម៌កម្ពុជា និងម្ចាស់សហគ្រាសនានា ប្រមាណជា ៤០រូប នៅសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប។
គោលបំណងនៃសិក្ខាសាលានេះ គឺរៀបចំឱ្យមាននូវ លក្ខខណ្ឌយោងការងារ (TOR) និងពិធីសារនៃវេទិកាក្នុងភាពជាដៃគូត្រៀមរៀបចំនៅកម្ពុជា (PPC) និងបង្កើតកម្មវិធីការងាររយៈ ពេល ៥ ឆ្នាំដែលស្របទៅនឹង មូលនិធិត្រៀមបង្ការសម្រាប់គ្រោះមហន្តរាយអាស៊ី (ADRF) និងរៀបចំផែនការគោលដៅយុទ្ធសាស្ត្រជាតិនៃផែនការ សកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៥ ។