(ព្រះសីហនុ)៖ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចុះធ្វើការណែនាំផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ និងវិធានអនាម័យ នៅតាមហាងលក់ដូរ និងលក់ម្ហូបអាហារនានា ដែលមានទីតាំង ស្ថិតនៅបណ្តោយឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ។
គោលបំណង នៃការចុះអប់រំនេះ គឺជំរុញនូវចំណេះដឹង ផ្នែកសុវត្ថិភាពម្ហូបអាហារជូនអាជីវករ ឱ្យបានយល់ដឹង ឱ្យកាន់តែច្រើន អំពីការទុកដាក់ផលិតផល ម្ហូបអាហារដែលត្រូវលក់ជូនអតិថិជន ត្រូវតែមានសុវត្ថិភាពខ្ពស់ មិនប៉ះពាល់សុខភាព និងពុំដាក់នូវសារធាតុគីមីហាមឃាត់។
បន្ថែមពីការអប់រំ មន្រ្តីជំនាញ ក៏បានត្រួតពិនិត្យផលិតផលមួយចំនួន និងបិតនូវស្លាកអប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារ ជូនអាជីវករក្នុងផ្សារផងដែរ។
លោក ឃុន ស៊ីម៉ន ប្រធានសាខា ក៏បានបញ្ជាក់ដល់សារព័ត៌មាន Fresh News ផងដែរថា មន្រ្តី ក.ប.ប ខេត្តព្រះសីហនុ និងបន្តចុះជារាងរាល់ថ្ងៃ រហូតដល់ចប់រដូវកាលចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ៕