(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយ នឹងចាប់ផ្ដើមនាំម្សៅថ្មក្វាត (Quartz) ទៅកាន់ទីផ្សារប្រទេសចិនចំនួន៣ម៉ឺនតោន នៅក្នុងមួយខែ ក្រោយចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥នេះរួច។ ម្សៅថ្មក្វាត (Quartz) ជាម្សៅដែលកិនចេញ ពីកម្ទេចថ្មតូច ហើយជាប្រភេទម្សៅពណ៌ស សម្រាប់យកទៅផលិតម៉ាបសិប្បនិម្មិត។ ម៉ាបសិប្បនិម្មិតនេះអាចឱ្យគេ បញ្ចូលពណ៌គ្រប់ប្រភេទទៅតាមតម្រូវការ និងអាចផលិតចេញជាសម្ភារប្រើប្រាស់ជាច្រើន ក្នុងនោះរាប់ទាំងតុ កៅអី គ្រឿងសង្ហារឹមផ្សេងៗ ព្រមទាំងអាចបញ្ចូលរូបភាពទៅក្នុងនោះផងដែរតាមការពេញចិត្ត។

លោកស្រី កែកុល សោភា នាយិកា ក្រុមហ៊ុន «នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) ​បានថ្លែងថា ទីផ្សារអន្តរជាតិត្រូវការម្សៅថ្មក្វាតជាច្រើនពីប្រទេសកម្ពុជា ហើយការនាំម្សៅថ្មក្វាតទៅកាន់ប្រទេសចិន គឺជាការចាប់ផ្ដើមពង្រីកទីផ្សារលើឆាកអន្តរជាតិ លើកដំបូងរបស់ក្រុមហ៊ុន។ លោកស្រីបញ្ជាក់ថា «តម្លៃលើទីផ្សារអន្តរជាតិខ្ពស់ សូម្បីតែនៅប្រទេសអារ៉ាប់រួម និងប្រទេសអ៉ីតាលី ដែលធំជាងគេ ចំពោះម្សៅថ្មក្វាតនេះក៏ទទួល ទាក់ទងមកក្រុមហ៊ុនផងដែរ»។ 

លោកស្រី កែកុល សោភា បានបញ្ជាក់ទៀតថា ទីផ្សារប្រទេសចិនត្រូវការម្សៅថ្មក្វាត ហើយលោកស្រីក៏សម្លឹងមើលទីផ្សារនៅប្រទេសអារ៉ាប់រួម និងប្រទេសអីតាលីបន្ថែមទៀត។ ទោះជាយ៉ាងណានៅពេលនេះ គេមិនទាន់ប៉ាន់ប្រមាណអំពីទំហំទឹកប្រាក់បានអំពីការនាំចេញម្សៅថ្មក្វាតទៅកាន់ប្រទេសចិននៅឡើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន «នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលទទួលសិទ្ធិវិនិយោគម្សៅថ្មក្វាត ពីក្រសួងរ៉ែ និងថាមពល ក្នុងកំឡុងឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

បើតាមលោកស្រីនាយិកា, ក្រុមហ៊ុនបានបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ចំនួន៩លានដុល្លារ សម្រាប់ការសាងសង់រោងចក្រ និងផលិតម្សៅថ្មក្វាតសម្រាប់នាំចេញ។ លោកស្រីបន្តថ ថ្មក្វាតមានសក្តានុពលតែក្នុងខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា «ថ្មក្វាត» (Quartz) គឺជាប្រភេទរ៉ែដ៏កម្រមួយរបស់កម្ពុជាដែលអាចយកទៅកែច្នៃ ដើម្បីផលិតថ្មម៉ាបជាសិប្បនិម្មិតលក់បានថ្លៃទៅលើទីផ្សារអន្តរជាតិ។ លោករដ្ឋមន្ត្រីលើកឡើងថា ម៉ាបសិប្បនិម្មិត ផលិតចេញអំពីម្សៅថ្មក្វាត អាចយកទៅតុបតែងនៅក្នុងយន្តហោះ និងទូកប្រណិតៗផងដែរ ពីព្រោះវាមិនជាំទឹក និងមិនជ្រាបទឹក។

លោកស្រីបានសង្កត់ធ្ងន់ថា ការនាំចេញផលិតផលពាក់កណ្ដាលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស គឺជារឿងគួរឱ្យសោកស្ដាយ។ លោកស្រីថា «បើយើងបង្កើតរោងចក្រថ្មម៉ាបនៅកម្ពុជា គឺយើងអាចបង្កើតការងារស្រូបយក កម្លាំងពលកម្មប្រជាពលរដ្ឋក្នុងស្រុក ឲ្យមានការងារធ្វើ បានកាន់តែច្រើនដើម្បីជួយសម្រួលដល់ស្ថានភាពជីវភាពការរស់នៅរបស់ពួកគាត់។ បច្ចុប្បន្ននេះលោកស្រីបានប្រើប្រាស់កម្មករជាង៦០នាក់ ដែលពួកគាត់មានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ»