(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។
លោករដ្ឋមន្រ្តី និងតំណាងធនាគារពិភពលោក បានជួបសំដែងការគួសម និងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងឱកាសនេះលោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុន អន្តរជាតិធំៗ មកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូល ទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។
លោកបានបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។
លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
ក្រសួងបរិស្ថាន ប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាមី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជំរុញឱ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សាភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារ និងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។
សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោងគ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕