(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាគោលដៅឧស្សាហកម្មអុកស៊ីហ្សែន និងគោលដៅលំហែបៃតង ដ៏ល្អរបស់ពិភពលោក ដូចនេះ សូមរួមគ្នាថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះនានាឱ្យនៅគង់វង្សសម្រាប់មនុស្សតជំនាន់។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបើកសិក្ខាសាលាស្តីពី «ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ខេត្តកោះកុង» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា៖ «យើងត្រូវតែអភិរក្សធនធានជីវៈចម្រុះទាំងធនធានឆ្នេរ ព្រៃកោងកាង តំបន់បឹងទន្លេសាប ព្រមទាំងតំបន់នានា ដែលខ្ញុំហៅថា គោលដៅឧស្សាហកម្មអុកស៊ីហ្សែន និងគោលដៅវប្បធម៌របស់យើង ពិភពលោកបន្តិចទៀត នឹងខ្វះខ្យល់ឧកស៉ីហ្សែន ខណៈដែលប្រជាជនពិភពលោកបច្ចុប្បន្នកើនដល់ជាង ៨ពាន់លាននាក់»

បន្ថែមពីនេះ អ្នកជំនាញសិក្សាស្រាវជ្រាវរូបនេះ បានផ្តល់ជាទស្សនៈថា យើងត្រូវតែរួមគ្នាទុកកម្ពុជា ជាគោលដៅឧស្សាហកម្មអុកស៊ីហ្សែនដ៏ល្អរបស់ពិភពលោក ខណៈនៅកម្ពុជាមានគោលដៅវប្បធម៌ គោលដៅលំហែរបៃតង ដែលត្រូវបានចាត់ទុកថាជាគោលដៅឧកស៉ីហ្សែន និងជាសួតរបស់ពិភពលោក។

លោកបណ្ឌិត យង់ ពៅ បានលលើកឡើងថា ជីវិតមនុស្ស សត្វ រក្ខជាតិ គឺមិនអាចរស់នៅដោយគ្មានអុកស៊ីហ្សែននោះទេ ដូច្នេះ ការរួមគ្នាថែរក្សា និងអភិរក្សធនធានជាតិ ជីវៈចម្រុះឱ្យនៅគង់វង្ស គឺជារឿងដ៏ចាំបាច់បំផុត ដើម្បីមនុស្សជាតិតជំនាន់។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ព្រៃកោងកាងមានតួនាទីសំខាន់ជាកន្លែងរក្សាផលស្តុក ដែនជម្រក និងប្រភពពូជ មច្ឆជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ដែលចាំបាច់ត្រូវតែការពារ អភិរក្ស និងដាំស្តារឡើងវិញ។ បន្ថែមពីនេះទៅទៀត តំបន់ព្រៃកោងកាងជាតំបន់អេកូទេសចរណ៍ ដ៏មានសក្តានុពលផងដែរ។ ដូច្នេះការអភិរក្សជីវៈចម្រុះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ដែលជាទីជម្រក និងផ្តល់ជាប្រភព ចំណីយ៉ាងសំខាន់សម្រាប់ការរស់នៅ និងការលូតលាស់របស់ជីវៈចម្រុះគ្រប់ប្រភេទនៅ តំបន់ឆ្នេរភាគនិរតីមួយនេះ។ បច្ចុប្បន្ននេះ រុក្ខជាតិកោងកាងស្ថិតនៅក្នុងបញ្ជីក្រហម របស់ពិភពលោកជាប្រភេទរងគ្រោះ រីឯប្រភេទជីវៈចម្រុះវិញកំពុងរងការបំផ្លាញក្នុងនោះ មានជីវៈចម្រុះប្រហែល១លានប្រភេទកំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជផងដែរ៕