(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្មវិធីទូរស័ព្ទ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងមិនមានអត្តសញ្ញាណអ្នករាយការណ៍នោះទេ ដូច្នេះរក្សាសុវត្ថិភាពខ្ពស់ដល់អ្នករាយការណ៍។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់កម្មវិធី NoDrug រាយការណ៍បទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច។

បើតាមលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, កម្មវិធីទូរស័ព្ទ NoDrug ក្រៅពីជាមធ្យោបាយក្នុងការរាយការណ៍បទល្មើសគ្រឿងញៀនហើយនោះ ក៏មានតាំងបង្ហាញនូវមេរៀនសារអប់រំជាច្រើនទៀត អំពីឥទ្ធិពលអាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យមហាជនគ្រប់ស្រទាបវណ្ណៈបានស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់។

សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការទាញយក និងប្រើប្រាស់ App NoDrug ដែលជាមធ្យោបាយអប់រំ និងរាយការណ៍តាមប្រព័ន្ធឌីជីថល មានអ្នកទាញ និងប្រើប្រាស់ជាង៤ម៉ឺននាក់៕