(ហុងកុង)៖ នៅថ្ងៃទី២នៃទស្សនកិច្ចនៅទីក្រុងហុងក្រុង សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះ លោក Algernon YAU បានជំរាបជូនប្រតិភូសុខាភិបាលកម្ពុជាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល ពិសេសផ្នែកមន្ទីរពេទ្យ ។
លោក Algernon YAU បានសម្ដែងនូវការកោតសរសើរអំពីវឌ្ឍនភាពដ៏រហ័ស និងរឹងមាំនៅកម្ពុជា និងបានរំលឹកពីគោលនយោបាយគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» (Belt and Road Initiative) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសាធារណៈ ជាចម្បង។
នាឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការថ្លែងអំណរគុណ និងកោតសសើរពីភាពរីកចម្រើននៃក្រុងហុងកុង និងបានលើកឡើងពីសារៈសំខាន់នៃការចងសម្ព័ន្ធសហប្រតិបត្តិការជាសកល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងក្នុងវិស័យសុខាភិបាល ជាពិសេសការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការគាំទ្រគម្រោងសហប្រតិបត្តិការនានា ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងបង្កើនសុភមង្គលសម្រាប់ប្រជាជនក្នុងតំបន់ និងសកលលោក។
បន្ទាប់ពីបញ្ចប់នូវជំនួបខាងលើនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា និងគណៈប្រតិភូអមដំណើរ បានបន្ដជួបប្រជុំជាមួយលោក Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង។
ក្នុងកិច្ចប្រជុំនេះ លោក Ricky YAU បានជម្រាបជូនពីការអនុវត្តការងាររបស់គណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង ដោយធ្វើការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការការពារកុំឱ្យមានភាពមិនប្រក្រតីកើតឡើង ដោយលោកបានរំលេចថា បច្ចុប្បន្ននេះ ករណីមិនប្រក្រតីធ្លាក់ចុះច្រើន នៅហុងកុង។
លោកសាស្រាចារ្យរដ្ឋមន្រ្តី និងលោក Ricky YAU ក៏បានផ្លាស់ប្តូរគំនិតយោបល់ និងបទពិសោធន៍លើការខិតខំដោះស្រាយករណីមិនប្រក្រតីទាំងឡាយ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជាមូលដ្ឋាន ពន្លឿនកិច្ចការអភិវឌ្ឍន៍វិស័យដ៏មានសារៈសំខាន់នេះ។
នៅថ្ងៃទី២៥ ខែមីនាដដែលនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល ក៏បានចូលរួមតាមការអញ្ជើញរបស់វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអនុវត្តន៍ក្រុងហុងកុង (Hong Kong Applied Science and Technology Research Institute, ASTRI)។
កម្មវិធីនេះ បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ បច្ចេកវិទ្យា ស្ទើរគ្រប់វិស័យសំខាន់ៗ ក្នុងនោះរួមទាំងសុខាភិបាល ផ្នែកឌីជីថល (Digital Health) ដែលជាផ្នែកមួយនៃការចូលរួមយ៉ាងសំខាន់ជួយអាយុជីវិតអ្នកជំងឺ និងផ្តល់ជាប្រយោជន៍សម្រាប់សុខុមាលភាពសាធារណៈ។
សូមជម្រាបថា នាយប់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចខាងលើនេះ ក្នុងគោលបំណងសិក្សាអំពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់បន្ថែមក្នុងការជំរុញការអនុវត្តអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រយៈពេល៣ថ្ងៃពេញនេះ គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសុខាភិបាល ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសគឺពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមិត្តដែកថែប ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខសុខភាពប្រទេស តំបន់ និងពិភពលោក៕