(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកបញ្ហាកាត់បន្ថយគ្រឿងញៀន ដូចគ្នាទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពោលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ និងចូលរួមទាំងអស់គ្នា។
លោកសន្តិបណ្ឌិត នេត សាវឿន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន លោក លោកស្រី ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងរាយការណ៍អំពីលទ្ធផល នៃអង្គសន្និបាតជូន លោកសន្តិបណ្ឌិត និងអង្គសន្និបាតទាំងមូលសរុបជិត២៥០នាក់។
ថ្លែងក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកសន្តិបណ្ឌិត នេត សាវឿន កោតសរសើរជូនចំពោះលោក ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនដល់រាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ ដ៏មានសារៈសំខាន់ សម្រេចបានលទ្ធផលជាទីផ្លែផ្កា និងអត្ថប្រយោជន៍យ៉ាងច្រើនឥតគណនា សម្រាប់ពលរដ្ឋរងគ្រោះ ងាយរងគ្រោះ មានហានិភ័យនានា រួមទាំងអតីតយុទ្ធជនដែលបានលះបង់ជាច្រើនចំពោះសង្គមជាតិរបស់យើង។
ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួងសង្គមកិច្ច លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានថ្លែងលើកឡើងពីបញ្ហាគ្រឿងញៀន ដោយសង្កត់ធ្ងន់ថា ការកាត់បន្ថយបញ្ហាគ្រឿងញៀន គឺដូចគ្នាទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ និងចូលរួមទាំងអស់គ្នា ហើយដើម្បីសម្រេចគោលបំណងនេះ គឺត្រូវចាប់ផ្តើមពីយើងម្នាក់ៗ ពីគ្រួសារនីមួយៗ។
ជាមួយគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងបន្តដោយរំលឹកពីគោលការណ៍ «សម្អាតផ្ទះយើង សម្អាតចកពីបឹង» ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសំណូមពរដល់ក្រសួង ស្ថាប័ន និងអង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តយកចិត្តអនុវត្តបទបញ្ជាលេខ០១ បប ឲ្យបានតឹងរឹង។
ដោយឡែកពាក់ព័ន្ធការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការជាដៃគូ និងវិស័យឯកជន គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀន តាមរយៈការផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដែលធ្វើឲ្យអ្នកញៀនគ្រឿងញៀន បានជាសះស្បើយ។
ជាមួយគ្នានេះ ក្រសួងសង្គម ត្រូវដើរតួនាទីជាស្នូលបង្កើនប្រសិទ្ធភាពក៏ដូចជាពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចំពោះមជ្ឈមណ្ឌល និងមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់រដ្ឋ និងឯកជន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយក្នុងនោះត្រូវសហការជាប់ជាប្រចាំ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល ក្នុងគោលបំណងសំដៅធានាឲ្យបាននូវស្តង់ដាគុណភាពសេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស៕