(ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Jean-Noël Barrot រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
នៅក្នុងឱកាសនោះ កិច្ចពិភាក្សា បានផ្តោតជុំវិញការស្វែងរកវិធី និងមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-បារាំង ស្របពេលដែលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍ រវាងអាស៊ាន និងបារាំង។
បណ្ឌិត កៅ គឹមហួន ក៏បានទទួលស្វាគមន៍ បណ្ឌិត Wei Zhaohui អគ្គលេខាធិការលេខាធិការដ្ឋានពិព័រណ៌អាស៊ាន-ចិន (CAEXPO)។
នៅក្នុងឱកាសនោះ កិច្ចប្រជុំបានផ្តោតលើផែនការការងារ និងការត្រៀមសម្រាប់ CAEXPO លើកទី ២២ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានបន្ដជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Ton Thi Ngoc Huong តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តវៀតណាម មកលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ព្រមទាំងបានពិភាក្សាអំពីការវិត្តន៍ចុងក្រោយនៅក្នុងអាស៊ាន។
នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងាររៀបចំដោយ លោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន រួមទាំង សមិទ្ធផលដែលអាចសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយគាំទ្រអាទិភាពនានារបស់អាស៊ាន ក្នុងឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥៕