(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តឱ្យសហគ្រិនស្រ្តី ព្រមទាំងសហគ្រិនគ្រប់កម្រិត ចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអាជីវកម្ម ដើម្បីធានានិរន្តភាពអាជីវកម្ម និងបង្កើនការប្រកួតប្រជែង។

បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី«ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា«រវាង
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល,សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយចំណេះដឹង និងជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សំដៅកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។

បណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថល និង ធុរកិច្ចនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យសហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យ ព្រមទាំងសហគ្រិនទាំងអស់ ប្រើ¬ប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធានាបាននូវចីរភាពអាជីវកម្ម បង្កើនផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និង សកលលោក។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានបង្ហាញ ការជឿជាក់ថាការចុះអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរួមចំណែកលើការជំរុញសេដ្ឋកិច្ចឌីជីថល ជាពិសេស លើវិស័យសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។

ទន្ទឹមនេះ លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានគូសបញ្ជាក់ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តឱ្យសហគ្រិនស្រ្តី ព្រមទាំងសហគ្រិនគ្រប់កម្រិតឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអាជីវកម្ម។

ឧកញ៉ា ប៉ិច បូឡែន  ប្រធានសមាគមសហគ្រិនវ័យក្មេង បានលើកឡើងស្រដៀងគ្នាថា ការចុះអនុស្សរណៈនៃការយោគយល់នេះនឹងរួមចំណែកក្នុងកិច្ចសហការ ជាពិសេស គាំទ្រដល់សហគ្រាស ម្ចាស់-អាជីវកម្ម និង ធុរកិច្ចថ្មីៗ ឱ្យកាន់តែរីកចម្រើន និង មានការប្រកួតប្រជែងខ្ពស់។ 

កិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង សម្ព័ន្ពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀត ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និង វិស័យឯកជន បង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និង វិស័យឯកជន តាមរយៈការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ឧត្តមានុវត្តន៍ និង ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច និង សង្គមឌីជីថលនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. សហការជាមួយសមាគមទាំងបី នឹងនាំមកនូវគំនិតផ្ដួចផ្ដើម និង កម្មវិធីជាច្រើន សំដៅគាំទ្រដល់ការចាប់យកឌីជីថលរបស់ធុរកិច្ច៕