(ភ្នំពេញ)៖ ដោយទទួលបានការអញ្ជើញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates, លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានចាត់លោក ប៉ា ជេដ្ឋា អគ្គនាយករង និងលោក ភិន ពិសិដ្ឋ អ្នកព័ត៌មានរបស់បណ្តាញព័ត៌មាន Fresh News ទៅធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។
ក្រៅពីអង្គភាពព័ត៌មាន Fresh News មានអង្គភាពព័ត៌មាន ២ស្ថាប័នទៀត ចូលរួមក្នុងដំណើរទស្សនកិច្ចនេះដែររួមមាន ទូរទស្សន៍ PNN និងសារព័ត៌មាន KiriPost ហើយដំណើរទស្សនកិច្ចនេះមានការសម្របសម្រួលដោយក្រុមហ៊ុន QED។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក្រុមអ្នកព័ត៌មានអាចទទួលបាននូវពិសោធន៍នៃការធ្វើដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates, ទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Emirates នៅទីក្រុងឌូបៃ រួមទាំងទស្សនានូ វទស្សនីយភាពដ៏ស្រស់ត្រកាលតំបន់ទេសចរណ៍នានា នៃទីក្រុងឌូបៃ។
សូមជម្រាបថា ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានពានរង្វាន់ពិភពលោក ផ្តល់សេវាកម្មដឹកអ្នកធ្វើដំណើរជាង ១៤០ ទីក្រុងនៅទ្វីបចំនួន ៦ តាមរយៈមជ្ឈមណ្ឌលដ៏មានប្រសិទ្ធភាពរបស់ខ្លួន នៅក្នុងទីក្រុងឌូបៃ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ផ្តើមដំណើរការជើងហោះហើរប្រចាំថ្ងៃឡើងវិញ រវាងទីក្រុងភ្នំពេញ និងទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរី ក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកល របស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់ លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class៕