(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មាន ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ដ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា។
សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញជាអធិបតីពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មន្ដ្រីទីស្នាក់ការកណ្ដាល និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
តាមរយៈសន្និសីទសារព័ត៌មានខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និងផ្សព្វផ្សាយឱ្យបានដឹងពីអ្វីដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើនៅក្នុងជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
លោកស្រីបានបន្ថែមថា «បេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា បានដំណើរការទៅបានមកដល់បច្ចុប្បន្ននេះ គឺដោយសារតែការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាថវិកា និងស្បៀង សម្ភារៈជាដើម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ។ដូច្នេះឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ សូមយកឱកាស ទិវា ៨ឧសភានេះ បន្ដកៀរគរមូលនិធិពីសប្បុរសជនជាតិ-អន្ដរជាតិ ដើម្បីបន្ដជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត»៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូសន្និសីទសារព័ត៌មានដូចតទៅ៖