(ស្វាយរៀង)៖ ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនិងករណីកាន់ដាវអុកឡុក នៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ វេលាម៉ោង២៣៖២០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ អេង នាង ភេទស្រី អាយុ៧៣ឆ្នាំមានទីលំនៅភូមិត្រោក ឃុំតាសួសថា មានក្មេងទំនើងចំនួន០២នាក់៖

ទី១៖ ឈ្មោះ អ៊ិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។
ទី២៖ ឈ្មោះ ពុត គង្គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។

ទាំង២នាក់ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមកចូលរួមកម្មវិធីការកូនខ្លួនពេលផឹកស្រាស្រវឹង ដៃមានកាន់ដាវបង្កអុកឡុកក្នុងរោងការ និងបានទាស់ពាក្យសំដីគ្នាជាមួយឈ្មោះខៀវ សល់ ហៅឆក ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកមានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបន្តថា ពេលទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនទាំង២នាក់ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកអធិការដ្ឋាននគរបាលដ្ឋានគរបាលស្រុកស្វាយជ្រំ។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ៕