(ស្ទឹងត្រែង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ បានថ្លែងកោតសរសើរដល់អនុវិទ្យាល័យ អូរឬស្សីកណ្តាល នៅឃុំអូរឬស្សីកណ្តាល អនុវិទ្យាល័យ ថ្មតាព្រហ្ម ឃុំអូរម្រះ ស្រុកសៀមបូក និងអនុវិទ្យាល័យស្តៅ ស្រុកសៀមបូក ដែលបានគ្រប់គ្រងការអនាម័យពេលមករដូវ ដែលសិស្សានុសិស្ស ទទួលបានចំណេះដឹងល្អប្រសើរ តាមរយៈការជួយជ្រោមជ្រែងពីអង្គការ ADRA Cambodia (អាដ្រា កម្ពុជា) នៃគម្រោងយើងរួមគ្នា ប្រចាំខេត្តព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង។

លោកស្រីបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយជាតិ ស្តីអំពីសុខភាព ដែលក្នុងនោះ សុខភាពសិក្សា ត្រូវបានផ្សាភ្ជាប់ ឆ្លើយតបទៅនិងបរិស្ថាន សេដ្ឋកិច្ច ផ្សាភ្ជាប់ទៅនិងចីរភាពនៃការអភិវឌ្ឍន៍។ សុខភាពជាកត្តាសំខាន់ ហើយគេឱ្យតម្លៃស្រ្តី និងក្មេងស្រីជាមាតាពិភពលោក ពីព្រោះស្រ្តីជាអ្នកផ្តល់កំណើតអាចពពោះ។

លោកស្រីក៏បានថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដែលបានយកអស់កំលាំងកាយចិត្ត ចូលរួមការអនុវត្តគោលនយោបាយជាតិ ស្តីអំពីសុខភាពដល់គ្រប់គោលដៅទាំងអស់នៅមូលដ្ឋាន ដែលមានអង្គការអាដ្រា ជាអង្គការដៃគូ ដែលបានជួយដល់នាយកដ្ឋានសុខភាពសិក្សា ធ្វើឱ្យគោលនយោបាយ និងផែនការសកម្មភាព ស្តីអំពីសុខភាពសិក្សាអាចសម្រេចបានជោគជ័យ។

លោក ចន្ទ សម្ផស្ស អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានជំនឿជឿជាក់ថា ការរៀបចំកម្មវិធី ការប្រកាសជាសាលាគំរូ ស្តីពីការអនុវត្តការគ្រប់គ្រងអនាម័យពេលមករដូវ ជូនបណ្ណសរសើរដល់អនុវិទ្យាល័យនៅស្រុកសៀមបូក និងស្រុកសេសាន គឺជាការលើកកម្ពស់ការយល់ដឹងអំពីសុខភាព អនាម័យពេលមករដូវ និងអនាម័យបរិស្ថាន គឺជាការផ្តល់ចំណេះដឹងផ្នែកសុខភាព ផ្លូវភេទ និងសុខភាពបន្តពូជ។

លោក រ័ត្ន រម្យនា ប្រធានគម្រោងយើងរួមគ្នា អង្គការអាដ្រា ប្រចាំខេត្តព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង បានថ្លែងថា ព្រឹត្តិការណ៍នេះជាផ្នែកនៃកម្មវិធីលើកកម្ពស់ ការគ្រប់គ្រងអនាម័យ លើស្រ្តីដែលមានមូលដ្ឋាន លើសាលារៀន រួមបញ្ជូលសុវត្ថិភាព ការសម្ងាត់ និងបរិស្ថាននៃគំនិតផ្តួចផ្តើមស្តីពីអនាម័យពេលមករដូវ។ នេះជាការគាំទ្រដល់ក្មេងស្រីវ័យជំទង់ សម្រាប់សុខភាពបន្តពូជផ្លូវភេទ និងសិទ្ធិ និងសមត្ថភាពរបស់ពួកគេ ក្នុងការចូលរួមក្នុងជីវិតប្រចាំថ្ងៃអំឡុងពេលមករដូវ។

គូសបញ្ចាក់ថា ADRA (អាដ្រា) Cambodia កំពុងអនុវត្តគម្រោង ការរួបរួមឆ្ពោះទៅរកសមភាពយេនឌ័រ ដើម្បីភាពរីករាយ នៃសុខភាព និងសិទ្ធិពេញលេញរបស់ស្រ្តី និងកុមារ ដោយសារការផ្តល់មូលនិធិដ៏សប្បុរសពីរដ្ឋាភិបាល៕