(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយតាមបណ្តាញសង្គម និងថា មិនទាន់មានការស្រាវជ្រាវណាបង្ហាញថា ប្រម៉ាត់ទាកាប៉ាស្រស់ អាចព្យាបាល និងជំនួយសុខភាព សម្រាប់អ្នកដែលកាត់ប្រម៉ាត់នោះឡើយ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីបំភ្លឺព័ត៌មាន បានសរសេរថា «ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង»។

សេចក្ដីបំភ្លឺព័ត៌មាន បានបន្ដថា តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយ សុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural មេត្តាលុប ចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀងវាងមានការភាន់ច្រលំ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ៕