(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងធ្វើប្រតិបត្តិការ ឬមានបំណងធ្វើប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology - ICT) នៅព្រះរាជាណាចក្រកម្ពុជា ជ្រាបថា មាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានកំណត់ថា «គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.»។
កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែអនុគ្រោះ និងធ្វើការផ្សព្វផ្សាយជាប្រចាំដល់ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ឱ្យមកដាក់ពាក្យស្នើសុំ ការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រតិបត្តិករមួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតនៅឡើយទេ ហើយនៅតែបន្តធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាតដដែល។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវសារជាថ្មីដល់ លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការ ដោយពុំមានការអនុញ្ញាត ឬមានបំណងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT សូមមកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន តាមប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល service.mptc.gov.kh (e-Registration) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕