(បាត់ដំបង)៖ វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា នឹងមានវត្តមាននៅខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែមីនា ២០២៥ ក្នុងបរិវេនសាកលវិទ្យាល័យជាតិបាត់ដំបង ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥រសៀល ដើម្បីតម្រង់ទិសសិស្សានុសិស្សថ្នាក់វិទ្យាល័យ ពីជំនាញដែលអាចសិក្សានៅសាកលវិទ្យាល័យ គន្លឹះប្រឡងអាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេស និងត្រៀមលក្ខណៈចូលក្នុងទីផ្សារការងារ។
បើតាមក្រុមការងារនៃគម្រោង វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា បានឱ្យដឹងថា គម្រោងនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពមួយចំនួនដែលជះផលវិជ្ជមានទៅកាន់សិស្សានុសិស្សថ្នាក់វិទ្យាល័យរួមមាន ការដាក់បង្ហាញស្នាដៃសិស្ស ស្តង់មុខជំនាញសិក្សា តាមសាកលវិទ្យាល័យ វិទ្យាស្ថានជាតិ និងអន្តរជាតិ សិក្ខាសាលាតម្រង់ទិសជំនាញមហាវិទ្យាល័យ ការស្វែងរកភាពជាខ្លួនឯង និងទេពកោសល្យ គន្លឹះប្រឡងអាហារូបករណ៍ក្នុងប្រទេសនិងក្រៅប្រទេស ការត្រៀមលក្ខណៈសម្រាប់ចូលទីផ្សារការងារនាពេលអនាគត ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការសិក្សា។
ក្រោយទទួលបានការគាំទ្រពីសំណាក់ស្ថាប័ន និងភាគីពាក់ព័ន្ធ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» បានពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់បណ្តាខេត្ត ហើយក្នុងខែមីនានេះ វេទិកានេះនឹងមានវត្តមាននៅទឹកដីខេត្តបាត់ដំបង ដែលអនុញ្ញាតឱ្យសិស្សានុសិស្សដែលសិក្សានៅក្នុងខេត្តបាត់ដំបង អាចចូលរួមបានដោយសេរី និងមានឱកាសក្នុងការទទួលបានបទពិសោធន៍ជាច្រើនពីសំណាក់វាគ្មិន និងស្តង់នៃគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន កម្រិតជាតិ និងអន្តរជាតិ ដែលនឹងដាក់បង្ហាញនៅក្នុង សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីឈ្វេងយល់កាន់តែស៊ីជ្រៅពីជំនាញដែលមាននៅថ្នាក់ឧត្តមសិក្សា មុននឹងសម្រេចចិត្ត។
វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា បានរៀបចំរួចចំនួន ពីរ លើក រួចមកហើយ នៅរាជធានីភ្នំពេញ ក្រុមការងារនៃគម្រោងនេះ មានបំណងក្នុងការពង្រីកវិសាលភាពនៃផលវិជ្ជមានទៅកាន់បណ្តាខេត្ត ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សដែលសិក្សាតាមបណ្តាខេត្ត អាចមានឱកាសដូចនឹងយុវជនដែលរស់នៅភ្នំពេញ ក្នុងការឈ្វេងយល់បានស៊ីជម្រៅពីជំនាញ សាកលវិទ្យាល័យ និងព័ត៌មានសំខាន់ៗមុននឹងឈានដល់ការជ្រើសរើសជំនាញ ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ។
«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» ទទួលបានការគាំទ្រពីក្រសួងអប់រំ ក្រសួងការងារ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីអាចលេចរូបរាងឡើងបាន នៅសាលសន្និសីតមហានគរ នៃសាកលវិទ្យាល័យបាត់ដំបង។ កម្មវិធីនេះនឹងមានវត្តមានចូលរួម ដោយប្រធានគម្រោងនេះផ្ទាល់ ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ប្រធានមន្ទីរការងារខេត្តបាត់ដំបង មន្ត្រីជំនាញ និងវាគ្មិនកិត្តិយសជាច្រើនរូប ដើម្បីសំណេះសំណាល និងផ្តល់បទពិសោធន៍ល្អៗ ដល់សិស្សានុសិស្សពាក់ព័ន្ធនឹងការឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សានាពេលខាងមុខ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» បានរៀបចំឡើងនៅរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការចូលរួមពីសិស្សានុសិស្ស និងនិស្សិត ស្តាប់នូវវាគ្មិនកិត្តិយស និងសួរព័ត៌មានតាមបណ្តាស្តង់នៃសាកលវិទ្យាល័យពីជំនាញ ការងារ និងចម្ងល់នានាពាក់ព័ន្ធនឹងការសិក្សានៅថ្នាក់វិទ្យាល័យ។ ក្រុមការងារនៃគម្រោងនេះ មានការសង្ឃឹមថានឹងអាចជះឥទ្ធិពលវិជ្ជមានទៅកាន់សិស្សានុសិស្សដែលសិក្សាថ្នាក់ទី១១ និងទី១២ ជាសរុប ២០០០នាក់ តាមរយៈបេសកកម្មមួយនេះលើទឹកដីបាត់ដំបង៕