(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនរបស់ខ្លួនមកទទួលការបំពាក់បំប៉នពីអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងនូវគុណភាព និងគុណប្រយោជន៍។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា គោលបំណង នៃការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាព ដល់ភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការចូលរួម ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
លោកបានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ក្នុងការសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមគោលដៅរបស់ភ្នាក់ងារសន្តិសុខឯកជនឈរជើង។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារ ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ លោកសូមលើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ។
រយៈពេល២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជនបាននឹងកំពុងជួបប្រទះកន្លងមក ដូច្នេះយើងទាំងអស់គ្នាបានយល់ដឹងយ៉ាងច្បាស់អំពី៖ តួនាទី និងភារកិច្ច, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការស្វែងយល់អំពីចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះពីអគ្គិភ័យ, ការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍ សង្គមជាតិក្នុងផ្លូវវិជ្ជមានឲ្យបានសមស្របតាមក្រម សីលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕