(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានសហការគ្នា រៀបចំសិក្ខាសាលាស្ដីពី «ប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច»

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះ ក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែម ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក សាធ ភីរ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិការពាណិជ្ជលក់រាយ វាគ្មិនតំណាងពីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់, ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ, និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន២៤០ រូប៕