(ទីក្រុងហ្សឺណែវ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ នាទីស្នាក់ការធំរបស់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organisation ហៅកាត់ថា WTO) ប្រចាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»។
កិច្ចប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review)» របស់រដ្ឋជាសមាជិកនៃអង្គការ WTO ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមីនា ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មត្រូវឆ្លើយតបជាង៣០០សំណួរ ពីសំណាក់សមាជិក WTO ប្រមាណ២០ប្រទេស ពាក់ព័ន្ធនឹងច្បាប់ ឱកាស និងបរិការណ៍ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ទាំងនៅមុន និងក្នុងអំឡុងពេលនៃកិច្ចប្រជុំ។
នៅចំពោះមុខប្រធានអង្គប្រជុំ នាយក លេខាធិការ និងរដ្ឋជាសមាជិកមួយចំនួនរបស់អង្គការ WTO នាព្រឹកដំបូងលោកស្រី ចម និម្មល បានឆ្លើយតប នៅក្នុងរបាយការណ៍ទាំងសំណេរ និងផ្ទាល់មាត់ប្រកបដោយភាពស្វាហាប់ ប៉ិនប្រសប់ ពោរពេញដោយសមត្ថភាព និងការជឿជាក់ ដោយបង្ហាញពីទិដ្ឋភាពច្បាប់ និងតថភាពជាក់ស្តែងក្នុងការការពារ និងការលើកទឹកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រោះថា កម្ពុជាមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សមស្របទៅតាមគោលការណ៍ និងនិយាម ឬស្ដង់ដា របស់អង្គការ WTO ហើយមានភាពបត់បែនទៅនឹងនិន្នាការសកល ស្របតាមទីផ្សារអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវ និងមាននរន្តភាព។
លោកស្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរគុណបណ្តាប្រទេស ដែលបានគាំទ្រគោលនយោបាយពាណិជ្ជកម្មកម្ពុជាកន្លងមក និងត្រៀមខ្លួនសម្រាប់ការឆ្លើយសំណួរផ្សេងៗទៀតពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មកម្ពុជា។
សូមរម្លឹកថា កាលពីឆ្នាំ២០០៤ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ បានចូលជាសមាជិកអង្គការ WTO ហើយមកដល់ពេលបច្ចុប្បន្ន សមាជិកអង្គការនេះមានរហូតដល់១៦៦ប្រទេស។ អង្គការ WTO គឺជាស្ថាប័នអន្តរជាតិសកលតែមួយគត់ ដែលមានភារៈដោះស្រាយការងារទាក់ទងនឹងច្បាប់ពាណិជ្ជកម្មរវាងប្រទេសជាសមាជិក ហើយកិច្ចការស្នូលរបស់អង្គការនេះគឺផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រដ្ឋជាសមាជិកដែលកំពុងធ្វើពាណិជ្ជកម្មនៅក្នុងពិភពលោក ដោយត្រូវមានការចរចា និងចុះហត្ថលេខា ព្រមទាំងត្រូវបានផ្តល់សច្ចាប័ននៅក្នុងសភារបស់ពួកគេទៀតផង។ អង្គការនេះ ក៏មានគោលដៅដោយធានាថា រំហូរពាណិជ្ជកម្មត្រូវតែដំណើរការដោយរលូន អាចព្យាករណ៍បាន និងដោយសេរីតាមដែលអាចធ្វើទៅបាន។
នៅក្នុងបេសកកម្មនៃការរាយការណ៍លើកទី៣របស់កម្ពុជា ដែលមានរយៈពេល៧ឆ្នាំម្តង នៅទីក្រុងហ្សឺណែវ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយតំណាងឱ្យប្រទេសកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចូលរួមកិច្ចប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review)» របស់រដ្ឋជាសមាជិកនៃអង្គការ WTO នេះផងដែរ។
កន្លងមក ប្រទេសមួយចំនួនដែលជាសមាជិកអង្គការ WTO ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានគេចាត់ទុកថា ជាប្រទេសមានការអភិវឌ្ឍតិចតួច (Less Developed Countries or LDC) ហើយតម្រូវឱ្យធ្វើរបាយការណ៍រយៈពេល៧ឆ្នាំម្តង ជូនអង្គការ WTO ខណៈ «ប្រទេសអភិវឌ្ឍន៍» ត្រូវធ្វើរបាយការណ៍៥ឆ្នាំម្តង។ ប្រទេសមានការអភិវឌ្ឍតិចតួច អាចទទួលបានការអនុគ្រោះពន្ធខ្លះសម្រាប់ការនាំទំនិញទៅបណ្តាប្រទេសជាសមាជិក ក្នុងនោះក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (EBA ឬ Everything But Arms) ដែលប្រែជាភាសាខ្មែរថា «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីសហគមអឺរ៉ុបដែរ។ ប៉ុន្តែសម្រាប់កម្ពុជា ដោយការអភិវឌ្ឍមានសន្ទុះកាន់តែប្រសើរឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ WTO រួមទាំងធនាគារពិពភលោកផង ក៏តម្រូវឱ្យកម្ពុជា ចាកចេញពីប្រទេសដែលមានចំណាត់ថ្នាក់ «មានការអភិវឌ្ឍតិចតួច» នៅចុងឆ្នាំ២០២៩។
ការចាកចេញពីចំណាត់ថ្នាក់ប្រទេស «មានការអភិវឌ្ឍតិចតួច» នេះ គឺពិតជាមោទនភាពរបស់រាជរដ្ឋភិបាលនិងប្រទេសកម្ពុជាទាំងមូលដែលបានខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយមានការទទួលស្គាល់ពីអង្គការ WTO, សហគមអឺរ៉ុប និងធនាគារពិពភលោកជាដើម។ ដោយសំអាងលើការអភិវឌ្ឍនេះហើយ កម្ពុជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហគមអឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអង្គការ WTO ពោលគឺតម្រូវឱ្យបង់ពន្ធដូចគ្នាក្នុងការនាំទំនិញទៅក្រៅប្រទេស។
កន្លងមក សហគមអឺរ៉ុបក៏បានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា ដោយសំអាងថា កម្ពុជាជាប្រទេសមានការអភិវឌ្ឍកាន់តែប្រសើរ ហើយនៅឆ្នាំ២០៣០ បន្ទាប់ពីកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេស «មានការអភិវឌ្ឍតិចតួច» សហគមអឺរ៉ុបបានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន១០០%។
យ៉ាងណាក៏ដោយ កិច្ចសហការទ្វេភាគីរវាងប្រទេសនិងប្រទេស ក៏អាចជួយសម្រួលបានខ្លះដែរលើការអនុគ្រោះពន្ធនេះ។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបង្កើនកិច្ចសហប្រតិបត្តិការណ៍ក្នុងក្របខ័ណ្ឌទ្វេភាគីផង និងពហុភាគីផង ទាំងនៅក្នុងតំបន់ និងពិភពលោក លើការងារពាណិជ្ជកម្ម, វិនិយោគ និងវិស័យផ្សេងៗទៀត ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
ក្នុងដំណើររបេសកកម្មនៅសហព័ន្ធស្វ៊ីសនោះដែរ លោកស្រី ចម និម្មល ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយលោកស្រី Helene Budliger Artieda រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វ៊ីស នៅក្នុងរដ្ឋធានីប៊ែន នាព្រឹកថ្ងៃទី២៤ ខែមីនា ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការនានាក្នុងកម្រិតតំបន់ និងក្រោមក្របខ័ណ្ឌពហុភាគី។
នៅព្រឹកថ្ងៃទី២៥ ខែមីនា នៅទីស្នាក់ការអង្គការ WTO លោកស្រី ចម និម្មល ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework ហៅកាត់ថា EIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងកម្មវិធី EIF ហើយក៏ផ្តោតលើវឌ្ឍនភាព និងផលប៉ះពាល់របស់គម្រោងនានាផ្សេងៗដែលគាំទ្រដោយកម្មវិធី EIF និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។
សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥នេះ កម្ពុជាបានរាយការណ៍ពីការ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» ឱ្យអង្គការ WTO ដោយផ្ទាល់ ដែលកាលពីលើកទី២ ធ្វើនៅឆ្នាំ២០១៧ និងលើកទី១ នៅឆ្នាំ២០១១៕