(កំពត)៖ ព្រះវិហារតម្លៃប្រមាណ ៤៨ម៉ឺនដុល្លារ រួមនឹងសមិទ្ធផលដទៃមួយ​ចំនួន​ទៀត នៅក្នុងវត្តសុវណ្ណគិរីសាគរ ហៅវត្តចង្ហោន ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានរៀបចំពិធីបញ្ចុះខណ្ឌ​សីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥​នេះ។

ពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅវត្តចង្ហោន ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញ​ចូលរួមពីសំណាក់លោកអ្នកឧកញ៉ា បណ្ឌិត មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង​លោកជំទាវអ្នកឧកញ៉ា មហាករុណាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកា​ពុទ្ធ​សាស​នូបត្ថម្ភក៍ គៀន ស្រីនាង, លោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ព្រម​ទាំងមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​រាជ​រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពត មន្ត្រីរាជការ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សរុបប្រមាណ ២,០០០នាក់។

ក្នុងពិធីនោះ លោក ម៉ៅ ធនិន្ទ បានឱ្យដឹងថា វត្តសុវណ្ណគិរីសាគរ ហៅវត្ត​ចង្ហោន បានចាប់ផ្តើមកសាងរយៈពេលប្រមាណ៣៣ឆ្នាំហើយ។ លោក​អភិ​បាលខេត្ត បានគូសបញ្ជាក់ថា គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាព​ដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការ​កែ​ទ​ម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូល​រួម​ចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំង​ឱ្យ​ឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្រោយពេលវត្តនេះលេចចេញជារូបរាង ព្រះចៅអធិការ និងគណៈកម្មការ​គ្រប់គ្រងវត្ត បានប្រឹងប្រែងដឹកនាំប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជា​ពុទ្ធបរិស័ទទីជិតឆ្ងាយ ដើម្បីកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍​សម្រាប់ការគោរពប្រណិប័តន៍ធម៌អារ្យដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។

ក្នុងនោះ លោកអ្នកឧកញ៉ា បណ្ឌិត មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហា​ឧបាសកពុទ្ធសាស នូបត្ថម្ភក៍ ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា មហាករុណាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គៀន ស្រីនាង បានមានសទ្ធាជួយកសាងព្រះវិហារថ្មីមួយ ដែលមានទំហំ ១២​ម៉ែត្រ គុណ ២១ម៉ែត្រ ដោយចំណាយថវិការហូតដល់ទៅប្រមាណ ៤៨ម៉ឺនដុល្លារអាមេរិក។

សម្តេចកិត្តិសង្គហបណ្ឌិត បានបង្ហាញក្តីសប្បាយរីករាយក្រៃលែង និងថ្លែង​អំណរគុណដល់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏ដូចជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមចាប់​មគ្គផល​ក្នុង​ការកសារព្រះវិហារ សមិទ្ធផលនានា នៅវត្តសុវណ្ណគិរីសាគរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជ​គុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសប្រជា​ពុទ្ធបរិស័ទ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត​នៅក្នុង​ទីវត្ត​អារាមនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចថា សមិទ្ធផល​ទាំង​នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាស​និក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការ​ខិត​ខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹ​ម​តែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀន​សូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពល​រដ្ឋ​គ្រប់ៗ​រូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តី​ចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិថែមទៀតផង។

សូមបញ្ជាក់ថា ក្នុងពិធីនាព្រឹកមិញនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បាននាំ​យកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋ លោក​គ្រូ-អ្នកគ្រូ តាជី-យាយជី ព្រមទាំងស្ថាប័នមួយចំនួនទៀត សរុប​ជាទឹកប្រាក់អស់ប្រមាណ ៦០០,០០០,០០០រៀល៕