(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត កម្រិត១ ជំនាន់ទី៣១ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម មកពីគណបក្សក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ចំនួន៧២រូប ស្រី១៨រូប បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ថ្ងៃកន្លងមក។
លោក គីន គឹមតូ អភិបាលរងស្រុកកណ្តៀង តំណាងសិក្ខាកាម បានធ្វើចំណាប់អារម្មណ៍ ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាម ជាមន្រ្តីបក្ស មកពីគណបក្សក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត នូវចំណេះដឹង ពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាព ត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែង អនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្ស ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ។
លោក ហៀម ឃួន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណ:ឃោសនាអប់រំ និងជាអភិបាលរងខេត្ត បានធ្វើរបាយការណ៍ អំពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរ ដល់សិក្ខាកាមទាំង៧២រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សខេត្ត កម្រិត១ ជំនាន់ទី៣១ទាំងអស់ គឺជាធនធានរបស់បក្ស ដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ពីថ្នាក់ដឹកនាំគណបក្ស ទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំ ពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។
លោកបន្ថែមថា វគ្គអប់រំនយោបាយរបស់គណបក្ស ដែលមានរយៈពេល៣ថ្ងៃនេះ សិក្ខាកាមបានស្វែងយល់ខ្លឹមសារនៃមេរៀន ចំនួន៥ លើប្រធានបទដូចខាងក្រោម៖
ទី១៖ គណបក្សប្រជាជនកម្ពុជា «ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍»
ទី២៖ ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស
ទី៣៖ ការយល់ដឹងចាំបាច់ អំពីលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា
ទី៤៖ សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ
ទី៥៖ ការកសាងអត្តចរិត សីលធម៌ល្អប្រពៃ របស់មន្ត្រីគណបក្ស។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បាននាំការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបានអបអរសាទរវាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សា និងថ្លែងអំណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំគណ:ឃោសនាអប់រំគណបក្ស ក៏ដូចគណ:គ្រប់គ្រងវគ្គ ដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តី ជាធនធានមនុស្សរបស់គណបក្ស យកទៅអនុវត្តបន្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យ ក្នុងការបំពេញការងារ។
លោកសូមលើកឡើង នូវមតិផ្តាំផ្ញើមួយចំនួនដល់សិក្ខាកាម ចំនួន៨ចំណុច ដូចខាងក្រោយ៖
ទី១៖ ក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន អនុវត្តរបៀបរបបការងារ របស់គណបក្សឱ្យបានម៉ត់ចត់ ប្រកាន់ខ្ជាប់អាកប្បកិរិយារាបសារចាស់ទុំខាងនយោបាយ ប៉ុន្តែត្រូវតែម៉ឺងម៉ាត់ រឹងមាំខាងគោលជំហរ និងគោរពច្បាប់។
ទី២៖ ធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ។
ទី៣៖ យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តពង្រឹង និងពង្រីកអង្គការចាត់តាំងគណបក្ស មន្ត្រី និងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំងឱ្យឆ្លើយតបទៅនឹងសំណូមពរ នៃភារកិច្ចរបស់គណបក្ស ក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចទៅអនាគត។
ទី៤៖ បន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំតាមស្មារតី «រៀន ហើយរៀនទៀត រៀនមួយជីវិត»។ ទន្ទឹមនេះសូមយកចំណេះដឹងដែលទទួលបានពីវគ្គអប់រំ នយោបាយនេះ ទៅជួយដល់គណៈកម្មាធិការគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីអប់រំបន្តដល់មន្ត្រី និងសមាជិករបស់គណបក្សក្នុងអង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងដែលមាន។
ទី៥៖ ចូលរួមតាមដាន និងក្តាប់ឱ្យជាប់រាល់សកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតាមមូលដ្ឋាន ហើយផ្តល់មតិ ឬក៏ចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់។ ជាមួយនេះ ក្តាប់ជាប់សកម្មភាពរបស់ពួកប្រឆាំង ជ្រុលនិយម និងពួកមជ្ឈដ្ឋានអមិត្ត ដែលធ្វើការវាយប្រហារមកលើគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ដោយត្រូវអនុវត្តនូវវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ មុតស្រួច និងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា។
ទី៦៖ បន្តចូលរួមយ៉ាងសកម្ម ក្នុងការចលនាទាក់ទាញកម្លាំងពីគណបក្សផ្សេងៗឱ្យងាកមក គាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជាយើង និងរាជរដ្ឋាភិបាល ហើយត្រូវថែបំប៉នស្មារតីរបស់គេឱ្យបានគត់មត់ និងត្រូវចាត់តាំងរៀបចំបញ្ចូលគេជាសមាជិក គណបក្សយើងស្របតាមគោលការណ៍គណបក្ស។
ទី៧៖ ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាត ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលជំហរ «សាមគ្គីរស់ បែកបាក់សាមគ្គី ស្លាប់» ហើយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកល បំបែកបំបាក់ផ្ទៃក្នុងគណបក្សយើង។
ទី៨៖ ចំពោះគណៈឃោសនាអប់រំខេត្ត ត្រូវបន្តរៀបចំវគ្គអប់រំនយោបាយដើម្បីលើកកម្ពស់ សមត្ថភាពនយោបាយជូនមន្ត្រីគណបក្សស្របតាមគោលការណ៍ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានដាក់ចេញ៕