(ព្រះវិហារ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ព្រមទាំងការដាក់ចេញកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ ដែលត្រូវបានអនុវត្តនៅចុងឆ្នាំ២០២៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានទស្សនៈវិស័យដ៏ត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងកម្មវិធីផ្សេងៗក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។

ការលើកឡើងបែបនេះរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដែលបានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខ័ណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្ថែមថា ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនេះ បង្ហាញឱ្យឃើញផងដែរពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះនឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។

នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា ក្នុងអំឡុងពេលឆ្នាំដំបូងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០២៤ វឌ្ឍនភាពជាច្រើនបានលេចឡើងគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សមិទ្ធផលទាំងនោះរួមមាន៖ ការការពារសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ។ ការបោះជំហាននៃកំណើនសេដ្ឋកិច្ចជាតិប្រមាណ៦% បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសិទ្ធិ និងសេរីភាព ជាមូលដ្ឋានយ៉ាងពេញលេញ។

ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០២៤ កម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ និងធ្វើជាប្រធានកិច្ចប្រជុំអន្តរជាតិធំៗចំនួន៤ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការចាត់តាំងរបស់គណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ និងទទួលបានការអនុម័តសម្រេចជាផ្លូវការក្នុងការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលជាការលើកកម្ពស់ និងកិត្យានុភាពជាសាកលរបស់ ប្រទេសកម្ពុជាឱ្យកាន់តែរុងរឿងបន្ថែមទៀត។

ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្រី្តមានសិទ្ធ និងសេរីភាពស្មើគ្នានឹងបុរស់ មិនតែប៉ុណ្ណោះ ទាំងកុមារ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដែលមិនដូចប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានការរើសអើងចំពោះ និងដាក់ទោសទាន់ដល់អ្នកស្រឡាញ់ភេទដូចគ្នាទៀតផង។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី មានក្តីរំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្ម ដល់ចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានេះ ដើម្បីទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅកម្ពុជា៕