(ភ្នំពេញ)៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ប្រមូលផ្តុំទៅដោយ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ជាតិ និងអន្តរជាតិជាច្រើនដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។
ទិវាជាតិលើកទី៣ ក្រោមមូលបទ «បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នេះ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងទិវាជាតិនេះ បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅ ឆ្នាំ២០៥០។ ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍវិស័យនេះពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យគឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។
លោកបានលើកឡើងផងដែរពីតួនាទីស្នូលរបស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ក្នុងការដឹកនាំ និងកំណត់ទិសដៅជាយុទ្ធសាស្ត្ររបស់កម្ពុជាលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោករដ្ឋមន្ត្រីបានបន្ថែមថា «បច្ចេកវិទ្យាមានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ។ ប៉ុន្តែបច្ចេកវិទ្យា ក៏បានផ្តល់នូវក្តី បារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា»។
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។ នេះជាអភិក្រមថ្មីមួយ ដែលផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេស តំបន់ និងពិភពលោក។
កម្មវិធីសំខាន់ៗនៃទិវាជាតិលើកទី៣នេះ រួមមានវេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ដែលផ្តោតលើការអភិវឌ្ឍ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចពិភាក្សាស្តីពី «ការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដោយបង្ហាញការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាជួរមុខ រួមទាំងបច្ចេកវិទ្យាពិនិត្យវិភាគជំងឺទឹកនោមផ្អែមដោយប្រើ AI បច្ចេកវិទ្យា Blockchain និងសុវត្ថិភាពបច្ចេកវិទ្យា៕